(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ឥណទានសម្បទានជាង ៣១០លានដុល្លារបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធការផ្តល់ឥណទានសម្បទាននេះ នឹងធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន។ ពិធីនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។
រដ្ឋាភិបាលជប៉ុន ធ្លាប់បានផ្តល់ឥណទានសម្បទានជាច្រើនមកហើយ ដើម្បីចូលរួមពង្រីកសមត្ថភាពកំពង់ផែក្រុងព្រះសីហនុ មានដូចជា៖ គម្រោងស្ដារបន្ទាន់កំពង់ផែក្រុងព្រះសីហនុ(ឆ្នាំ២០០៥), គម្រោងពង្រីកបន្ទាន់កំពង់ផែក្រុងព្រះសីហនុ(ឆ្នាំ២០០៩), គម្រោងសាងសង់តំបន់សេដ្ឋកិច្ច ពិសេសកំពង់ផែក្រុងព្រះសីហនុ(ឆ្នាំ២០១២), និងគម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណង កំពង់ផែក្រុងព្រះសីហនុ(ឆ្នាំ២០១៨) ប្រើប្រាស់ថវិកាសរុបប្រមាណ ១៧៩.២៣លានដុល្លារអាមេរិក។
ព្រមទាំងគម្រោងកំពុងអនុវត្តមួយចំនួនទៀត មានដូចជា៖ គម្រោងសាងសង់ចំណតផែកុងតឺន័រកំពង់ផែក្រុង ព្រះសីហនុ(ឆ្នាំ២០២១-២០២៥), គម្រោងសាងសង់ឃ្លាំង CFS នៅតំបន់សេដ្ឋកិច្ចកំពង់ផែ ក្រុងព្រះសីហនុ(ឆ្នាំ២០២០-២០២៣) និងគម្រោងអភិវឌ្ឍន៍ការគ្រប់គ្រងប្រព័ន្ធនាវាចរនៅ កំពង់ផែក្រុងព្រះសីហនុ(ឆ្នាំ២០២១-២០២៣) ប្រើប្រាស់ថវិកាសរុបប្រមាណ ២១៥លានដុល្លារអាមេរិក។
ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គម្រោងស្តារ និងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុនេះ គឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន។ ក្នុងនោះជាសមិទ្ធផលមួយកើតចេញពីកិច្ចប្រឹងប្រែងរបស់លោក អាបេ ស៊ិនហ្សូ ពេលលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន៕