(ភ្នំពេញ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមមន្រ្តីនាយកដ្ឋានជំនាញ ទទួលជួបប្រជុំពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
ជំនួបពិភាក្សានេះ ស្ដីពី «ការរៀបចំគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការជួយជនរងគ្រោះដោយការជួញដូរមនុស្ស សម្រាប់ឆ្នំា២០២២ -២០២៦» ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១-០៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
បន្ទាប់ពីបានជួបប្រជុំពិភាក្សាពិគ្រោះយោបល់គ្នារវាងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងភាគីម្ចាស់ជំនួយ (JICA) បានទទួលលទ្ធផលជាផ្លែផ្កា ហើយភាគីទាំងពីរបានព្រមព្រៀងលើចំណុចជាច្រើន ដែលអាចជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងបានចុះហត្ថលេខាឯកភាពគ្នា នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
គម្រោងនេះ មានវិសាលភាពអនុវត្តន៍នៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕