(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសសន្និបាទគណៈកម្មាធិការកណ្តាល វិសាមញ្ញគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានអចិន្ត្រៃយ៍គណបក្ស និងបានការសម្របសម្រួលពីលោក ម៉ម សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានខុទ្ទកាល័យគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកនិស្សិតនៃអនុគណៈកម្មការ ក.២៦.១១ មានកិត្តិយសដ៏ឧតុង្គឧត្តម បានទៅបំពេញទស្សនកិច្ចសិក្សានៅវិមាន ៧មករា(គ៨៥) នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។
ធ្វើសេចក្តីរាយការណ៍ក្នុងឱកាសនោះ លោក យិន ឆៃលី ប្រធានប្រតិភូនិស្សិត បានថ្លែងថា ក្នុងនាមសមាជិកសមាជិកានៃអនុគណៈកម្មការ ក.២៦.១១ ដែលមានលោកសាស្ត្រាចារ្យ ជា តារា ជាប្រធាន សូមគាំទ្រទាំងស្រុង និងអនុវត្តជាដាច់ខាតតាមសេចក្តីសម្រេចចិត្តរបស់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ពិសេសប្រសាសន៍ណែនាំដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ប្រកបដោយសិរីមង្គលដ៏ឧតុង្គឧត្តមនៃទិវាខួបកំណើតគំរប់៧០ ឈានចូល៧១ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុកជាសាកលវិទ្យាធិការ ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ សូមគោរពជូនពរ បវរមហាប្រសើរ សិរីមង្គល វិបុលសុខជូន សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូណ៌ ពលានុភាពខ្លាំងក្លា បញ្ញាញាណឈ្លាសវៃ មានជន្មាយុយឺនយូរសំរេចបានដោយជោគជ័យក្នុងការដឹកនាំ យើងខ្ញុំទាំងអស់គ្នា ក្រោមម្លប់នៃសុខសន្តិភាពនិងការអភិវឌ្ឍ។
យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅនិងភក្តីភាពដ៏ស្មោះស្ម័គ្រ អស់ពីដួងចិត្ត ចំពោះ សម្តេចតេជោ ដែលជាស្ថាបនិកនៃសន្តិភាព ផ្តើមចេញពីពលីកម្មដ៏ឧតុង្គឧត្តមក្នុងការដឹកនាំចលនា តស៊ូរំដោះជាតិចេញពីរបបខ្មៅងងឹត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ៧មករា ឆ្នាំ១៩៧៩។ សម្តេចតេជោ បានបន្តតស៊ូលះបង់សព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត បញ្ញាញាណ មិនគិតពីអាយុជីវិត និងសេចក្តីសុខផ្ទាល់ខ្លួន ប្រែពីប្រទេសដែលញាំញីដោយសង្គ្រាមរ៉ាំរ៉ៃ ក្លាយជាឯកភាពជាតិ មានអធិបតេយ្យជាតិនិងបូរណភាពទឹកដីពេញលេញដោយនយោបាយ ឈ្នះ!ឈ្នះ! របស់សម្តេចតេជោ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។ នៅក្នុងព្រឹត្តិការណ៍តំបន់ប្រាសាទព្រះវិហារឆ្នាំ២០០៨ សម្តេចតេជោ បានដាក់ចេញនូវបទបញ្ជាដ៏មានប្រសិទ្ធិភាព ការពារបាននូវបូរណភាពទឹកដី សំរេចជោគជ័យលើវិស័យយោធា នយោបាយ ការទូតនិងផ្លូវច្បាប់ ប្រែក្លាយជាព្រំដែនសន្តិភាព។
ដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន សម្តេចតេជោបានធ្វើសព្វគ្រប់បែបយ៉ាងប្រកបដោយ បញ្ញាញាណ ញាណដឹងមុន ប្រៀបបាននឹងទេវតាចាប់ជាតិ វាយបំបាក់បានទាន់ពេលវេលាសកម្មភាព ក្បត់ជាតិ ពពួកអគតិដែលប៉ុនប៉ងបំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ទទួលបាននូវបេះដូងគាំទ្រដ៏បរិសុទ្ធពីគ្រប់ស្រទាប់ ពិសេសកម្មករ កសិករ គ្រួសារអតីតយុទ្ធជន។ ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ដែលឆ្លងរាល ដាលជាសាកល សម្តេចតេជោ បានខឹតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ ដឹកនាំប្រយុទ្ធប្រឆាំងដោយជោគជ័យ ដើម្បីសុវត្ថិភាព និងអាយុជីវិត របស់ប្រជាជន។
យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយគោរព អរគុណសន្តិភាព! អរគុណសម្តេចតេជោស្ថាបនិកសន្តិភាព!និង សូមគាំទ្រទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ព្រមទាំងគាំទ្របេក្ខភាពមេបញ្ជាការ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រៃយ៍ និងវត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស ចៅស្រី សូមប្រកបបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជារួមគឺ យើងខ្ញុំទាំងអស់គ្នាគាំទ្រ ការពារ និងស្មោះត្រង់ដាច់ខាត គណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តគ្រប់គ្រងអំណាច ជាអមតៈ សម្រាប់អ្នកជំនាន់ទី២ មិនអាចខ្វះបានបេក្ខភាពឯកឧត្តមមេបញ្ជាការ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអនាគត រួមជាមួយអង្គអេគីបរបស់គាត់ គិតទាំងការបន្តវេនជំនាន់ ទី៣ ទី៤ និងជារៀងរហូត ត្រូវតែស្ថិតនៅក្នុងដៃ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ដោយភាពរឹងមាំ ម៉ឺងម៉ាត់ ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍ បំរើជាតិ និងប្រជាជន ។
ជយោ ! គណៈបក្សប្រជាជន កម្ពុជា អមតៈ
ប្រតិភូនិស្សិតបានស្តាប់បទឧទ្ទេសនាមរបស់រដ្ឋលេខាធិការក្រសួងដែនដី អំពីស្ថាបត្យកម្មសំណង់ វិមាន៧ មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដ៏ធំស្កឹមស្កៃពោរពេញដោយប្រណិតភាពស្ថិតកណ្តាល រាជធានីភ្នំពេញក្នុងយុគ្គ សម័យនៃការអភិវឌ្ឍដ៏រុងរឿងនោះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយទើបនឹងសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។ អគារនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ។ កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រមានកម្ពស់ ៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង ៥០០ចំណត និងទីធ្លារមុខអគារសម្រាប់មហាជនអាចចតរថយន្តបាន ៣០០គ្រឿង។ នៅជាន់ទី៥ខាងលើ គឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានដែលអាចដាក់ចំនួនមនុស្សបានជាង ៣,៤០០។ អគារនេះមានកម្ពស់ ៥ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា។
លោក សំរិទ្ធ សារុន អនុប្រធានខុទ្ទកាល័យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការ វិមាន៧មករាស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះវិមាន៧មករា រីករាយដោយបានទទួលស្វាគមន៍ប្រតិភូនិស្សិត នៃ អនុគណៈកម្មការ ក.២៦.១១ វត្តមានថ្មីនៃអគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំបំផុត ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាអនាគតប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថាវិមានដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញពីសាមគ្គីភាពជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេស ដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋឲ្យបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។
សម្តេចតេជោ ហ៊ុន សែន អរគុណសន្តិភាព និងអរគុណសមាជិកសមាជិការនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមក្នុងការកសាងប្រទេសជាតិ មានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ៕