(បន្ទាយមានជ័យ)៖ ជនរងគ្រោះ៤នាក់ ជាប្តី-ប្រពន្ធ និងកូនតូច២នាក់ បានស្លាប់គួរឲ្យអាណោចអាធ័ម ពេលកំពុងជិះម៉ូតូស្រាប់តែ ត្រូវរថយន្តមួយគ្រឿង បើកបុកពេញមួយទំហឹងបណ្តាលឲ្យដួលស្លាប់ទាំងអស់គ្នា នៅតាមផ្លូវជាតិលេខ៥ ក្នុងទឹកដីស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោងជាង១០យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ច និងសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯផ្ទះ ក្នុងភូមិថ្មបាំង ឃុំបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយក្តីអាឡោះអាល័យជាទីបំផុត ពីសំណាក់បងប្អូន និងកូន២នាក់ទៀត។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនាំយកថវិកា និងក្តារមឈូសចំនួន៤ យកទៅចូលរួមពិធីបុណ្យ ដែលធ្វើឡើងនៅក្នុងវត្ត។
លោកស្នងការ និងគណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ បានជួយរៀបចំចាត់ចែងធ្វើបុណ្យសព ជនរងគ្រោះទាំង៤នាក់ផងដែរ។ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា គ្រាន់តែទទួលបានព័ត៌មាន នៃការស្លាប់របស់ជនរងគ្រោះរហូតទៅដល់៤នាក់ ដោយសារតែរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបុកនោះ លោកបាននាំយកថវិការបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងក្តារមឈូស ដែលផ្តល់ជូនពីសំណាក់សប្បុរសជនមកចូលរួម បុណ្យសព។
លោកបានចូលរួមសោកស្តាយយ៉ាងពន់ពេក ដែលត្រូវបានគ្រោះថ្នាក់ចរាចរណ៍សម្លាប់ទាំង៤នាក់ ឪពុក ម្តាយ និងកូនទាំង២នាក់ ទុកឲ្យកូន២នាក់ទៀត នៅកំព្រា៕