(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានចុះអនុស្សរណៈជាមួយលោក KIM CHUNG NAM ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ស្តីពី «ការផ្តល់ជំនួយមនុស្សធម៌ ដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ស្ថិតនៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា តាមរយៈអនុស្សរណៈនេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល ដែលមានលោក KIM JUNG NAM ជាប្រធាន នឹងផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជា សម្ភារៈវេជ្ជសាស្ត្រ រួមមានៈ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលគិតជាថវិកាមានចំនួន ១០,០០០,០០០$ (ដប់លានដុល្លារអារមេរិក) សម្រាប់រយៈពេល ៤០ខែ ដោយគិតចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៥ ហើយមូលនិធិ Global Life Sharing នឹងបន្តចុះអនុស្សរណៈជាមួយព្រឹទ្ធសភា ដើម្បីផ្តល់ជំនួយមនុស្សធម៌ជាថ្មីបន្តបន្ទាប់ទៀត។
លោកបានលើកឡើងថា ក្រោមការណែនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ធានានាំយកជំនួយមនុស្សធម៌ដ៏មានសារសំខាន់ របស់និធិចែករំលែកសង្គ្រោះជីវិតសកល ចែកជូនដល់ដៃស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋ ដែលត្រូវការជំនួយពិតប្រាកដ ប្រកបដោយគណនេយ្យភាព តម្លាភាព និងសក្តិសិទ្ធិភាព ស្របតាមបំណងប្រាថ្នារបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់របស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោក ម៉ម ប៊ុននាង បានរំលឹកថា ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយ លោកលោក KIM CHUNG NAM និងគណៈប្រតិភូ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានវាយម្លៃខ្ពស់ចំពោះមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ដែលបានធ្វើសកម្ម-ភាពការងារមនុស្សធម៌ រួមចំណែកដោះស្រាយបញ្ហាខ្វះខាតក្នុងវិស័យសុខាភិបាល ប្រព័ន្ធវេជ្ជសាស្ត្រ និងការអប់រំដល់បណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងពិភពលោក។
សម្តេចប្រធាន បានថ្លែងអំណរ-គុណដល់ លោកប្រធាន និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា សម្រាប់សង្គ្រោះជីវិតប្រជាជនកម្ពុជា ដែលកំពុងជួបការលំបាក និងឧបករណ៍សំខាន់ៗមួយចំនួនដល់មន្ទីរពេទ្យផងដែរ។
ការទទួលបានជំនួយមនុស្សធម៌ដ៏មានសារសំខាន់នេះ គឺកើតចេញពីការសម្របសម្រួលរបស់ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមការងារសម្របសម្រួលដឹកនាំដោយលោកវេជ្ជបណ្ឌិត សុខ សំណាង ជំនួយការ សម្តេចប្រធានព្រឹទ្ធសភា និង ឯកឧត្តម ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា លោក KIM CHUNG NAM បានដឹកនាំគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល មកធ្វើទស្សនកិច្ចការងាររយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃការបំពេញទស្សនកិច្ច គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានអញ្ជើញចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ពី សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា, ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា, ចុះពិនិត្យសិក្សាពីតម្រូវការក្នុងការរៀបចំគ្លីនិកមនោរម្យ និងសាលាបឋមសិក្សា ហ៊ុន សែន មនោរម្យ នៅខេត្តព្រះសីហនុ, ពិភាក្សាអំពីការសាងសង់ និងបំពាក់ សម្ភារវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលស្តារនីតិសម្បទា សម្តេចតេជោ ហ៊ុន សែន និងជួបពិភាក្សាការងារជាមួយក្រសួងសុខាភិបាល៕