(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft និងបណ្ដាញសង្គមយក្ស Facebook បានចាប់ដៃគ្នាអូសខ្សែកាប Fiber optic កាត់មហាសមុទ្រអាត្លង់ទិក ដើម្បីពង្រីកការប្រើប្រាស់អ៉ីនធើណែតឲ្យកាន់តែទូលំទូលាយ ជាមួយនឹងតម្លៃទាបជាមុន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Wall Street Journal ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា។
គម្រោងថ្មីនេះ មានឈ្មោះថា «Marea» ដែលត្រូវអូសខ្សែកាបកាត់មហាសមុទ្រអាត្លង់ទិកពីរដ្ឋ Virginia សហរដ្ឋអាមេរិកទៅកាន់ប្រទេសអេស្ប៉ាញ ដែលមានចម្ងាយប្រមាណ ៦,៤៣៧គីឡូម៉ែត្រ ដោយខ្សែកាប់ដែលត្រូវអូសនេះ មានកម្រិតគុណភាពខ្ពស់។
គម្រោងថ្មីនេះ ត្រូវបានក្រុមហ៊ុន Microsoft និង Facebook សហការជាមួយក្រុមហ៊ុនទូរគមនាគមន៍អេស្ប៉ាញ Telefónica SA ហើយអាចនឹងដំណើរការនៅឆ្នាំក្រោយ ជាមួយនឹងតម្លៃនៃការប្រើអ៉ីនធើណែតទាប ប៉ុន្តែសម្រាប់តម្លៃនៃគម្រោងនេះ មិនត្រូវបានក្រុមហ៊ុនទាំងអស់បញ្ជាក់ឲ្យដឹងឡើយ៕