(ព្រះវិហារ)៖ អភិបាលខេត្តថ្មី និងអភិបាលរងខេត្ត២រូបទៀត នៃខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពិធីនេះ ក៏មានការចូលរួមពី ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោក អភិបាល ក្រុង ស្រុក ជាច្រើនរូបទៀត។
អភិបាលខេត្តថ្មី ដែលប្រកាសចូលកាន់តំណែងនៅពេលនេះ គឺលោក គីម រិទ្ធី ជំនួសលោក ប្រាក់ សុវណ្ណ ដែលចូលនិវត្តន៍ និងលោក វ៉ាត ប៉ារ៉ានីន លោក ណុប វុធ្ធី ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក ស៊ូ សិរី និងលោក លី សារ៉ារឹទ្ធ ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តរតនគីរី និងខេត្តកំពង់ចាម។
ដោយឡែកលោក ឡុង សុវណ្ណ អតីតប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋលេខាធិការ ហើយលោក ប្រាក់ សុវណ្ណ នឹងបន្តឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកឡុង សុវណ្ណ និងលោក ប្រាក់ សុវណ្ណ ដែលបានខិតខំដឹកនាំការងាររដ្ឋបាល និងការងារអភិវឌ្ឍន៍ខេត្តព្រះវិហារ ក្នុងពេលលោកកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត និងជាអភិបាលខេត្តព្រះវិហារ ក្នុងរយៈពេលកន្លងមកនេះ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក គីម រិទ្ធី ជាមន្ត្រីដែលមានបទពិសោធន៍ក្នុងការងារដឹកនាំ និងគ្រប់គ្រងនៅមូលដ្ឋាន ដោយសារកន្លងមកលោកធ្លាប់កាន់មុខតំណែងជាអភិបាលរងខេត្តកណ្តាល ជិត៨ឆ្នាំ មុនត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារនៅពេលនេះ។
សម្តេច ស ខេង សង្ឃឹមជឿជាក់ថា លោកអភិបាលខេត្តថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីបន្តអភិវឌ្ឍន៍បន្ថែមទៀត នូវសមិទ្ធផល និងស្នាដៃនានា ដែលលោកអភិបាលខេត្តចាស់ និងថ្នាក់ដឹកនាំខេត្តមុនៗសម្រេចបាន។
ដើម្បីឲ្យខេត្តព្រះវិហារ កាន់តែមានការអភិវឌ្ឍន៍ថែមទៀត សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត និងថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ត្រូវផ្តល់ការគាំទ្រដល់លោក គីម រិទ្ធី ក្នុងការបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តព្រះវិហារ ឲ្យកាន់តែមានការរីកចម្រើនជាបន្តទៀត។
ដោយឡែក លោក គីម រិទ្ធ អភិបាលខេត្តព្រះវិហារ ដែលទើបប្រកាសចូលកាន់តំណែង បានឡើងប្តេជ្ញាចិត្ត៖
* ដោយគោរពប្រតិបត្តិដោយភក្តីភាពចំពោះ ជាតិ សាសនា ព្រហមហាក្សត្រ និងប្តេជ្ញាការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយអនុវត្តន៍យ៉ាងមុឺងម៉ាត់ ស្របទៅតាមរដ្ឋធម្មុញ្ញ ច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។
* ប្តេជ្ញាថែរក្សាសន្តិភាព ដោយមិនអនុញ្ញាតិឲ្យកម្លាំងអមិត្តណាមួយ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងដំណើរការដឹកនាំអភិវឌ្ឍន៍ជាតិមាតុភូមិ របស់រាជរដ្ឋាភិបាលបានឡើយ។
* ប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្តីភាពចំពោះជាតិ សាសនា និងព្រះមហាក្សត និងប្តេជ្ញាការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ស្រប ទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញា និងលិខិតបទបទដ្ឋានគតិយុត្តិជាធរមាន។
* ប្ដេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ដោយផ្តល់នូវកិច្ចសហការល្អជាមួយក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តព្រះវិហារ។
* ប្តេជ្ញាអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងខិតខំជំរុញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឲ្យបានអតិបរមា។
* ប្ដេជ្ញាបន្តសហការឲ្យបានល្អជាមួយបញ្ហាការដ្ឋានសមរភូមិមុខ ការពារ អធិបតេយ្យភាព និងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយខេត្ត និងខេត្តជាប់ព្រំដែន។
* ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការ និងទំនាក់ទំនងល្អរវាងក្រុមប្រឹក្សា គណៈអភិបាល ស្របទៅតាម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង អនុក្រឹត្យស្ដីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលខេត្ត។
* ប្តេជ្ញាអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ជាពិសេសគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ស្របតាមកម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ អនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ក្នុងដំណាក់កាលបន្តឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។
* ប្តេជ្ញាជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភាពសុខដុមនីយកម្ម ជូនប្រជាពលរដ្ឋ។
* ប្តេជ្ញាបន្តការខិតខំកែលំអរបាតុភាពអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាសាធារណៈ សេវាសង្គម ឲ្យកាន់តែខិតជិតនឹងប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ និងជាក់ស្ដែង នៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។
* ប្ដេជ្ញាបន្តរៀបចំកសាងប្លង់គោល ក្រុង ស្រុក និងអភិវឌ្ឍន៍ខេត្តប្រកបដោយ ផាសុខភាព ចីរភាព និងបរិយាប័ន្ន៕