(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានដាក់គោលដៅត្រួតពិនិត្យដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានខ្លួន ស្ទើររៀងរាល់យប់ និងបង្ក្រាបឃាត់ខ្លួនជនជួញដូរ ក៏ដូចជាជនប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យ និងដកហូតថ្នាំផងដែរ។ ជាក់ស្តែង នៅវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប សហការនិងកម្លាំងនគរបាលខណ្ឌ បានឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ចំនួន៦នាក់បន្ថែមទៀតហើយដោយដកហូតថ្នាំញៀនចំនួន៦កញ្ចប់ និងម៉ូតូ៣គ្រឿង នៅចំណុចមុខវត្តគៀនឃ្លាំង ស្ថិតតាមបណ្ដោយផ្លូវជាតិ លេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ អធិការរងទទួលផែនយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh Newsថា បន្ទាប់ពីទទួលបានផែនការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាល ខណ្ឌជ្រោយចង្វារភ្លាម កម្លាំងនគរបាលមូលដ្ឋាន បានបន្តយាមល្បាតតាមបណ្ដោយផ្លូវជាតិលេខ៦ ដូចសព្វមួយដង និងបានដាក់ការសង្ស័យទៅលើយុវជន៨នាក់ បើកម៉ូតូ៣គ្រឿង ក៏ឃាត់ធ្វើការឆែកស្រាប់តែរកឃើញថ្នាំញៀន៦កញ្ចប់ សង្ស័យជាម៉ាទឹកកដែលជនទាំងនោះបានរក្សាទុកជក់រួមគ្នា ទើបកម្លាំង សមត្ថកិច្ចសម្រេចឃាត់តែម្តង។ លោក ឯក សេរីវុធ បានប្រាប់ទៀតថា
បច្ចុប្បន្នជនត្រូវជាប់ សង្ស័យប្រើប្រាស់នូវសារធាតុញៀនទាំង៨នាក់រួមជាមួយវត្ថុតាង ត្រូវបន្តឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយ ដើម្បីរៀបចំចាត់ការតាមនិតិវិធីច្បាប់៕