(ភ្នំពេញ)៖ ពីលើវេទិកាក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យកូនចៅរបស់សម្ដេចទាំងអស់ ចូលប្រឡូកក្នុងវិស័យនយោបាយ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីអតីតកាលសម្ដេចមិនចង់ឲ្យកូនចៅ ចូលពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ ពោលសុទ្ធចិត្តជំរុញកូនឲ្យចូលបម្រើការក្នុងជួរកងទ័ព ជាក់ស្ដែងមានដូចជា លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិតជាដើម ប៉ុន្ដែពេលនេះតម្រូវឲ្យសម្ដេចជំរុញឲ្យកូនចៅចូលប្រឡូកនយោបាយទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ដំបូងឡើងសូម្បីតែភរិយាខ្ញុំ ពេលដែលឱបកូនមកជួបខ្ញុំនៅទីក្រុងភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ គាត់មកហៅខ្ញុំទៅធ្វើស្រែវិញ ឈប់ឲ្យពាក់ព័ន្ធរឿងនយោបាយ ប៉ុន្ដែខ្ញុំបានប្រាប់គាត់ ខ្ញុំថាខ្មែរក្រហមនៅប៉ុនប៉ងវាយត្រឡប់មកវិញ ដូច្នេះមិនអាចចោលប្រជាជនបានទេ។ ខ្ញុំតែងប្រដៅកូនកុំឲ្យពាក់ព័ន្ធនយោបាយសុខចិត្តធ្វើទាហាន ប៉ុន្ដែឥលូវនេះវាហួសពេលហើយ ខ្ញុំជំរុញកូនចៅខ្ញុំឲ្យចូលប្រឡូកក្នុងនយោបាយទាំងអស់»។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើរសារឌឺដងដល់បុគ្គលមួយចំនួន ដែលរិះគន់សម្ដេចនៅពេលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ដោយសម្ដេចបានអះអាងថា បច្ចុប្បន្នសម្ដេចមិនមែនត្រឹមតែទទួលបានសញ្ញាបត្របណ្ឌិតនោះទេ តែសម្ដេចជាឪរបស់បណ្ឌិត ហើយក៏ត្រៀមក្លាយជាជីតារបស់បណ្ឌិត ខណៈបច្ចុប្បន្នចៅរបស់សម្ដេចម្នាក់ បានបញ្ចប់ឆ្នាំទី១ នៃថ្នាក់ឧត្តមសិក្សាផងដែរ។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានជំរុញឲ្យចៅរបស់សម្ដេច ត្រៀមក្នុងរយៈពេល២០ឆ្នាំទៀត ដើម្បីប្រជែងយកតំណែងនាយករដ្ឋមន្ដ្រីផងដែរ ហើយពេលនេះសម្ដេចមិនត្រឹមតែក្លាយជាឪនាយករដ្ឋមន្ដ្រីនោះទេ ពោលអាចក្លាយជាជីតារបស់នាយករដ្ឋមន្ដ្រីថែមទៀត៕