(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះអ្នកនយោបាយដែលបានរិះគន់សម្តេចថា «ជាមនុស្សល្ងង់» ដោយសម្តេចបានចោទសួរទៅវិញថា តើអ្នកដែលឱ្យសម្តេចប្រើប្រាស់បាន កាលពីពេលកន្លងទៅ ជាអ្វីទៅវិញ។
ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះទៅលើអ្នករិះគន់សម្តេចនោះឡើយ ប៉ុន្តែអ្នកដែលសម្តេចចង់និយាយសំដៅនេះ ទំនងជាគ្មាននរណាក្រៅពី លោក សម រង្ស៉ី ដែលជាបុគ្គលម្នាក់ដែលបានចូលរួមចំណែកជាមួយ សម្តេចតេជោ ហ៊ុន សែន ក្នុងការកែប្រែវិសោធនកម្ម រដ្ឋធម្មនុញ្ញ កាលពីឆ្នាំ២០០៦។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប៉ុន្មានថ្ងៃនេះ គេថាខ្ញុំល្ងង់ណាស់ ហ៊ុន សែន ល្ងង់ណាស់ តែខ្ញុំគ្រាន់តែនិយាយបន្តិច ប្រសិនបើហ៊ុនសែនល្ងង់ ហ៊ុន សែនក៏មិនអាចឈរជើងរហូតទៅដល់ បើនិយាយឱ្យឆ្ងាយបន្តិចគឺជា៤៥ឆ្នាំ ប៉ុន្តែនៅក្នុងអំណាច៤៣ឆ្នាំ ជាមួយនឹងការធ្វើជានាយករដ្ឋមន្រ្តី៣៧ឆ្នាំ»។
សម្តេចបានបន្តថា «អ្នកឯងចោទ ហ៊ុន សែន ថាល្ងង់ណាស់ ប៉ុន្តែត្រង់ ហ៊ុន សែន ប្រើអ្នកឯងឱ្យជួយកែរដ្ឋធម្មនុញ្ញ អញប្រើក្បាលអ្នកឯងអ្នកជួយកែរដ្ឋធម្មនុញ្ញ តើអ្នកឯងល្ងង់ឬអី? អញ្ចឹងវាអន់ណាស់ឱ្យមនុស្សល្ងង់ប្រើបាន គឺចប់ហើយ»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្តថា រឿងកែរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ២០០៦ ដោយប្តូរពី ការអនុម័ត២ភាគ៣ មកត្រឹម៥០បូក១ គឺសម្តេចបានហៅទូរស័ព្ទទៅអ្នកនយោបាយរូបនោះ នៅថ្ងៃមាឃបូជា ហើយរូបគេក៏បានចេញពីភ្នំឧត្តុង្គ ធ្វើលិខិតភ្លាមភ្លាមដើម្បីស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយចំណាយត្រឹមរយៈពេល២ម៉ោងប៉ុណ្ណោះ។
សម្តេចបានបញ្ជាក់ថា៖ «បើសិនជាខ្ញុំល្ងង់ ខ្ញុំមិនអាចប្រើក្បាលអ្នកឯងបានទេ អ្នកឯងទៅចាំ អាកន្លែងហ្នឹង ឥឡូវនិយាយពីអ្នកឯងថា មិនបានត្រូវហ៊ុន សែន ប្រើទេ ចុះបើមិនមែន ហ៊ុន សែន ប្រើ ហេតុអ្វីក៏អ្នកឯងស្នើកែរដ្ឋធម្មនុញ្ញ ហើយធ្វើបាន ហើយឥឡូវយើងកែរដ្ឋធម្មនុញ្ញ បែរជាយើងធ្វើមិនបាន»។
សម្តេចតេជោ បានឆ្លើយតបចំពោះការចោទប្រកាន់សម្តេចថាផ្តាច់ការផងដែរ។ សម្តេចបានលើកឡើងថា ជនផ្តាច់ការដូចជាប៉ុលពត ដូចជាលន់ នល់ រស់ និងកាន់អំណាចមិនបានយូរនោះទេ។ ប៉ុន្តែសម្តេចបានកាន់អំណាចបានរហូតដល់ជាង៤០ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន អ្នកដែលនៅជាមួយរាជរដ្ឋាភិបាលរបស់សម្តេច ភាគច្រើនគឺកម្រិតឧត្តមសិក្សា ដោយរាប់ទាំងអ្នកនៅផ្ទះសម្តេចផងដែរ
សម្តេចបញ្ជាក់ថា «ខ្ញុំរាល់ថ្ងៃ មិនមែនបណ្ឌិតទេ ខ្ញុំជាឪបណ្ឌិតរួចស្រេចទៅហើយ ហើយខ្ញុំសង្ឃឹមថា ខ្លួនខ្ញុំនឹងក្លាយទៅជាជីតាបណ្ឌិត តទៅទៀតដែរ ឥឡូវខ្ញុំជានាយករដ្ឋមន្រ្តី ហើយខ្ញុំមានសង្ឃឹមថា ខ្ញុំក៏នឹងក្លាយទៅជាឪនាយករដ្ឋមន្រ្តីទៀត»។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «មុននឹងនិយាយថា ហ៊ុន សែន ភ្លើ ល្ងង់ អញ្ចឹងត្រូវគិតថា បើអាល្ងង់អាភ្លើប្រើលោកឯងបានហើយ តើលោកឯងជាអ្វី អាហ្នឹងទី១ ហើយទី២ បើមិនមែន ហ៊ុន សែន ប្រើលោកឯងទេ ហើយលោកឯងម្ចាស់ការធ្វើ ម៉េចក៏លោកឯងហ៊ានធ្វើរដ្ឋធម្មនុញ្ញ កែរដ្ឋធម្មនុញ្ញ ហើយឥឡូវចោទ ហ៊ុន សែន ថាធ្វើរដ្ឋប្រហារធម្មនុញ្ញ អញ្ចឹងគួរថា ពេលកែអា២ភាគ៣ មក ៥០បូក១ គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញទៅវិញទេ ប៉ុន្តែមិនមែនរដ្ឋប្រហារធម្មនុញ្ញទេ នោះគឺជាការដោះស្រាយការជាប់គាំងនយោបាយក្រោយការបោះឆ្នោត»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសត្រូវរបស់សម្តេច ដែលពួកគេបានធ្វើឱ្យសម្តេចបានខិតខំ និងផ្តល់ឱកាសឱ្យសម្តេច មានការប្រុងប្រយ័ត្ន និងរិះរកមធ្យោបាយ ដើម្បីការពារខ្លួនឯង និងការពារអាយុជីវិតប្រជាជនកម្ពុជា