(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការស្នើសុំកែរសម្រួលថ្ងៃ ខែ ឆ្នាំ កំណើតពិតរបស់សម្តេច គឺដើម្បីចង់ឱ្យកូនចៅបានដឹងពីថ្ងៃកំណើតពិត និង បានធ្វើបុណ្យឱ្យសម្តេច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ថ្ងៃកំណើតខ្ញុំវាចំថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ចំថ្ងៃអង្គារ ហើយបើគិតទៅតាមឆ្នាំខ្មែរយើងចំថ្ងៃអង្គារ ខែស្រាពណ៍ ឆ្នាំរោង ដល់យើងគ្រាន់តែកែរ គេថាកែបង្កើតឱ្យនាំរវល់គេ រវល់ឯង ខ្ញុំកើតមកខ្ញុំត្រឡប់ទៅវិញ កូនចៅខ្ញុំឱ្យវាដឹងថាខ្ញុំអាយុប៉ុន្មានពិតប្រាកដ ដើម្បីថ្ងៃក្រោយវាធ្វើបុណ្យឱ្យខ្ញុំ»។
សម្តេចតេជោ បានបន្ថែមថា ឥលូវឆ្នាំនេះយើងត្រូវធ្វើបុណ្យ ម្ខាងខួប១០ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋម្ខាងទៀតគឺខួប ១០០ឆ្នាំនៃថ្ងៃប្រសូត្ររបស់ព្រះអង្គផងដែរ ហើយដល់ឆ្នាំក្រោយក៏ដល់ពិធីបុណ្យរបស់ឱពុករបស់សម្តេចម្តង, ក្នុងឆ្នាំ២០២៣ ជាខួប ១០ឆ្នាំនៃមរណៈភាព របស់ឱពុកសម្តេច និងក៏ជាខួប ១០០ឆ្នាំនៃការកើតរបស់ឱពុករបស់សម្តេចផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មានអាយុបងឱពុករបស់សម្តេចតែមួយឆ្នាំប៉ុណ្ណោះ ហើយមរណភាពរបស់ឱពុកសម្តេច និងការយាងចូលទិវង្គតរបស់ព្រះបិតាជាតិ ហាក់បីដូចជាឱពុកសម្តេច បានតាមថែ និងដង្ហែព្រះករុណាផងដែរ។
សម្តេចតេជោ បានបង្ហាញការហួសចិត្តដែរថា គ្រាន់តែរឿងសម្តេចស្នើសុំកែរ ថ្ងៃ ខែ ឆ្នាំកំណើតពិត តែប៉ុណ្ណឹងក៏ពួកវាទាស់ដែរ និងបានប្រាប់ទៅគណៈគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទភ្នំពេញត្រៀមខ្លួនទុកឱ្យហើយ និងត្រូវគេវាប្រហារដែរហើយ រាប់ទាំងលើបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផងដែរ ដែលបានរៀបរាប់ ពីគុណសម្បត្តិនៃការរៀនសូត្រជាច្រើនរបស់សម្តេចផងដែរ។
សូមបញ្ជាក់ដែរថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានចេញដីកាសម្រេច កែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ផងដែរ៕