(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបពិភាក្សាការងារជាមួយ លោក Abderrahim Rahhaly ឯកអគ្គរាជទូតម៉ារ៉ុក ប្រចាំកម្ពុជា និងថៃ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក និងលោក Jamale Choaibi ឯកអគ្គរាជទូតម៉ារ៉ុក ប្រចាំវៀតណាម ក្នុងឱកាសដែលលោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយកម្ពុជា។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ារ៉ុក ដែលជំនួបធ្វើឡើងនៅការិយាល័យរបស់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ទាល់នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីសុខដុមរមនាកម្មនៃកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជា មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានស្នើសុំដល់ព្រះរាជាណាចក្រមម៉ារ៉ុក សូមឲ្យផ្ដល់អាហារូបករណ៍ដល់និសិត្សកម្ពុជាបន្ថែមទៀត ដើម្បីឲ្យនិស្សិតទាំងនោះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោយពីបានបញ្ចប់ការសិក្សាពីបរទេស។
បន្ថែមពីនោះ ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជាប្រចាំអង្គការសហប្រតិបត្តិការឥស្លាម (OIC) លោកបណ្ឌិតក៏បានស្នើដល់ព្រះរាជាណាចក្រម៉ារ៉ុក សូមឲ្យបន្តជួយសម្របសម្រួលដល់កម្ពុជា ដើម្បីឲ្យក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការឥស្លាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាកិច្ចឆ្លើយតប លោក Abderrahim Rahhaly ក៏បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងធ្វើសុខដុមណីកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ម៉ារ៉ុក នឹងកាន់តែល្អប្រសើរឡើង ហើយលោកក៏បានសន្យាថា នឹងនាំនូវសំណើខាងលើ ជូនព្រះរាជាណាចក្រម៉ារ៉ុក ដើម្បីជ្រាប សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងល្អប្រសើរ បន្ថែមទៀត៕