(កំពង់ឆ្នាំង)៖ លោក ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា, លោក Dato' Abdul Fattah Abdullah ប្រធានសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធី ដាក់ឲ្យប្រើប្រាស់សមិទ្ធផលសូឡា សម្រាប់វិហារឥស្លាមចំនួន៥ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលអំណោយខាងលើបានមកពី ANGKASA សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី, លោក សាន់ យូ តំណាងអភិបាលខេត្តកំពង់ឆ្នាំង, អាជ្ញាធរមូលដ្ឋាន, គណៈប្រតិភូម៉ាឡេសុី និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះ លោក ស្មាន ម៉ាណាន បាននាំមតិផ្ដាំផ្ញើ សួរសុខទុក្ខពីលោកទេសរដ្ឋមន្ដ្រី ចំពោះអង្គពិធីទាំងអស់ ដោយក្ដីនឹករលឹកជាទីបំផុត។
លោក ស្មាន ម៉ាណាន ក្នុងនាមលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ ANGKASA ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនដល់សហគមន៍ឥស្លាម។ លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។
លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ ដូច្នេះយេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។ គួរជម្រាបផងដែរថា ក្រៅពីពិធីដាក់ឲ្យប្រើប្រាស់ សមទ្ធិផលសូឡា ពិធីក៏មានការចែកគម្ពី អាល់គួរអាន និងសំលាក់បំពាក់ស្វាយបង្គំសម្រាប់ស្ត្រីផងដែរ៕