(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) នៅសាលាស្រុកចំការលើ។
លោកអភិបាលខេត្ត បានឲ្យដឹងថា សិក្ខាសាលាសមាហរណកម្មនាពេលនេះ ជាសូចនាករមួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរការកំណែ ទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយ:គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
ផ្តើមចេញពីឆន្ទៈ និងជំនឿជឿជាក់នេះ ក្នុងអំឡុងជិត២ទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលបានជំរុញ និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ រដ្ឋបាលឃុំ បានក្លាយទៅជា រដ្ឋបាលថ្នាក់មូលដ្ឋាន ដែលមានមុខងារសំខាន់ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការអភិវឌ្ឍន៍របស់រដ្ឋបាលឃុំ ដែលត្រូវចាប់ផ្តើមរៀបចំ និងអនុវត្តនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ការសាងសង់ផ្លូវលំ ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្តល់សេវាផ្សេងៗទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ និងធនធានពីប្រភពផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានារបស់ប្រជាជននៅតាមមូលដ្ឋាន។
តាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាល ស្រុក និងឃុំ សង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុកចំការលើ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងផ្នែករដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសំណើគម្រោងវិនិយោគឃុំ ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រ សម្រាប់អនុវត្តឆ្នាំ២០២៣។ ដូចនេះទាមទារឲ្យមានការចូលរួម គាំទ្រពីមន្ទីរ អង្គភាព អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន រួមគ្នាដោះស្រាយបញ្ហាដែលកើតមាននៅមូលដ្ឋាន៕