(កំពង់ចាម)៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងសហការី រួមទាំងព្រះសង្ឃនៅព្រឹកថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះបន្ទាប់ទី១១ ជូនជនចាស់ជរាទ័លលំបាក១គ្រួសារឈ្មោះ ខៀវ ខេត អាយុ៧២ឆ្នាំ រស់នៅភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ។
លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា តា ខៀវ ខេត និងប្រពន្ធឈ្មោះ រិទ្ធ ហុន អាយុ៧០ឆ្នាំ ជាជនចាស់ជរាទ័លលំបាក រស់នៅពឹងអាស្រ័យតែលើការជួយរបស់រាជរដ្ឋាភិបាល តាមរយ: ប័ណ្ណសមធម៌ ក្រ២។
ពួកគាត់ មានកូនប្រុសស្រី៣នាក់ តែបានរៀបការបែកគ្រួសារ ខណ:ពួកគេក៏មានជីវភាពលំបាកដូចគ្នា មិនអាចពឹងពាក់បាន។ ច្រើនឆ្នាំមកនេះ តា ខៀវ ខេត វ័យកាន់តែចាស់ និងមានជំងឺលើសឈាមថែមទៀត រីឯ យាយ រិទ្ធ ហុន ក៏ពិការត្រគៀកខាងស្តាំ នាំឲ្យជីវភាពកាន់តែលំបាក សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូនរោងដោលតូចទ្រុឌទ្រោមខ្លាំង ដែលដំបូល-ជញ្ជាំងប្រក់ បាំងស្លឹក ធ្លុះធ្លាយ ស្ទើរតែពុំអាចស្នាក់នៅបាន ពេលមានភ្លៀងម្តងៗ។
ទោះជាយ៉ាងណា ជាង១០ឆ្នាំមកនេះ យាយ រិទ្ធ ហុន ក៏បានចូលរួមបំពេញការងារសង្គមយ៉ាងសកម្ម ក្នុងតួនាទីជាអនុប្រធានភូមិ និងជាភ្នាក់ងារស្ម័គ្រចិត្តព្យាបាលជម្ងឺគ្រុនចាញ់ ប្រចាំភូមិទួលប្រាក់ផងដែរ។
ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើបលោក អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគរបស់សាខាសាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូន តា ខៀវ ខេត និង យាយ រិទ្ធ ហុន សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ សំអាតលំនៅដ្ឋានដុតកំទេចចោលវត្ថុដក់ទឹកនានា បំផ្លាញជម្រកមូសខ្លា សម្រាន្តក្នុងមុង ដើម្បី ការពារជម្ងឺគ្រុនឈាម និងស្វែងយល់អំពីរោគសញ្ញានិងការពារការឆ្លងជម្ងឺអុតស្វា ដែលពិភពលោកកំពុងចាប់អារម្មណ៍។
ជាមួយនោះ បុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» និងជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់គ្នា។
ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខាបានផ្តល់សម្ភារគ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារលោកតា ខៀវ ខេត សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត១២, ម៉ាស់២ប្រអប់, សម្ភារផ្ទះបាយមួយចំនួន និងថវិកា២០០,០០០រៀល។
ដោយឡែកលោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕