(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេន បានអះអាងថា «កត្តាសុវត្ថិភាព» ទើបអាចធ្វើឲ្យកម្ពុជារៀបចំកិច្ចប្រជុំអាស៊ានដោយផ្ទាល់បាន ក្រោយការប្រជុំដ៏សំខាន់មួយនេះ ត្រូវបានខកខានការរៀបចំដោយផ្ទាល់ រយៈពេល២ឆ្នាំ ដោយសារវិបត្តិ នៃការឆ្លងរីកដាលជំងឺកូវីដ១៩ជាសកល។
ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបែងចែកជាពីរនូវអ្វីដែលជា «កត្ដាសុវត្ថិភាព» នេះ ដោយក្នុងនោះ ទី១៖ សុវត្ថិភាព ដោយសារកម្ពុជាមានសុខសន្ដិភាព និងទី២៖ សុវត្ថិភាព ដោយសារកម្ពុជាត្រួតត្រា នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ចំណុចនីមួយៗថា៖
* កត្តាសុវត្ថិភាពទី១៖ គឺដោយសារកម្ពុជាមាន «សុខសន្ដិភាព ស្ថេរភាពនយោបាយ» ហើយដែលសន្ដិភាពនេះកម្ពុជារកបានដោយលំបាក ហើយក៏ការពារបានយ៉ាងគត់មត់ផងដែរ ដូច្នេះមើលឃើញពីសន្ដិភាពពាសពេញផ្ទៃប្រទេសនេះហើយ បានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំនៅកម្ពុជា មិនបានទាមទារប្រើប្រាស់រថយន្ដបាឡាំដាស់ (រថយន្ដការពារគ្រាប់) នោះទេ។
មួយវិញទៀត មុនដល់ពេលកិច្ចប្រជុំ ឬក្រោយចប់កិច្ចប្រជុំ គណៈប្រតិភូបណ្ដាប្រទេសជាច្រើន ក៏បានដើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ពិសេសបានទៅទស្សនកិច្ចនៅតំបន់ប្រាសាទនៅខេត្តសៀមរាបផងដែរ ដូចជា អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្ដិសុខ និងរដ្ឋមន្ដ្រីការបរទេសឥណ្ឌា ដែលជាប្រទេសមហាអំណាចមួយជាដើម។
* កត្ដាសុវត្ថិភាពទី២៖ យើងត្រួតត្រាបាននូវជំងឺកូវីដ១៩។ កាលពីពេលមុនកម្ពុជាមិនមានលទ្ធផលបើកការប្រជុំដោយផ្ទាល់នោះទេ សូម្បីតែនៅដែលកម្ពុជា ធ្វើជាប្រធានកិច្ចប្រជុំអាស៉ីអឺរ៉ុប ឆ្នាំ២០២១ ក៏ត្រូវប្រជុំតាមអនឡាញ ប៉ុន្ដែដោយសារការត្រួតត្រាបាននូវជំងឺកូវីដ១៩ កម្ពុជាក៏បានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយអ្វីៗទាំងឡាយបើកឡើងវិញ រាប់ទាំងសាលារៀនជាដើម។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ម្ដងទៀតថា «កត្តាសន្ដិភាព» នេះជារឿងសំខាន់ណាស់ ដែលកម្ពុជាត្រូវតែការពារឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ព្រោះកុំចាំបាច់បាត់សន្ដិភាព ទើបស្វែងរកនោះទេ។ សម្ដេចអះអាងថា «សន្ដិភាព» គឺជាអ្វីដែលយើងត្រូវតែការពារ ព្រោះសន្ដិភាពទាក់ទិននឹងជីវិតមនុស្ស និងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។ គណៈប្រតិភូ ដែលមកចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ មាន៣៨ប្រទេស បូកថែមគណៈប្រតិភូអគ្គលេខាធិការអាស៊ានមួយផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២ ហើយនៅឆ្នាំ២០២២នេះ ជាលើកទី៣ហើយ ដែលកម្ពុជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕