(ស្វាយរៀង)៖ ក្រសួងកសិកម្ម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានប្រគល់បរិក្ខាពេទ្យ និងថ្នាំព្យាបាលសត្វគោក្របី ដល់មន្ត្រីជំនាញនៅកំពង់រោទិ៍ បន្ទាប់ពីមានការអំពាវនាវពីអាជ្ញាធរ និងប្រជាពលរដ្ឋ កាលពីថ្ងៃទី៣ ខែសីហា។
យោងតាមរបាយការណ៍របស់ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែសីហា មន្ត្រីរបស់ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរដែនដី បានប្រជុំផ្សព្វផ្សាយជំងឺសត្វនៅភូមិស្វាយចេក ឃុំសំឡី ដែមានអ្នកចូលរួម៤៨នាក់ ស្រី១៣ នាក់។
ការផ្សព្វផ្សាយនេះផ្តោតសំខាន់ទៅលើ ជំងឺឆ្លងសត្វ, វិធានការណ៍ការពារ, ទប់ស្កាត់, វិធីសាស្រ្តសំលាប់មេរោគតាមក្រោលគោក្របី និងវិធីសាស្រ្តព្យាបាលជំងឺសត្វ។
របាយការណ៍បានឲ្យដឹងទៀតថា ក្រោយពីបានផ្សព្វផ្សាយរួច អនុប្រធាននាយកដ្ឋាន និងលោកប្រធានមន្ទីរកសិកម្ម បានធ្វើការប្រគាល់បរិក្ខាពេទ្យ និងថ្នាំព្យាបាលសត្វមួយចំនួដូចខាងក្រោម៖ វ៉ាក់សាំងសារទឹកចំនួន៦៦០០កំរិត, ថ្នាំលាបដំបៅគោក្របីចំនួន ១kg, ថ្នាំសំលាប់មេរោគ១២ លីត្រ, សារ៉ាងចាក់ថ្នាំ៧, ថ្នាំព្យាបាលចំនួន១៥ដប, សំឡី៣ដុំ, ម្ជុល២ប្រអប់, កន្រ្តៃ, និងបានចែកថ្នាំលាបដំបៅជើងគោក្របីដល់អ្នកចូលរួម សម្រាប់យកទៅលាបគោក្របីចំនួន ៣០លីត្រ ផងដែរ។
សត្វគោក្របីចំនួន១១ឃុំ នៃស្រុកកំពង់រោទិ៍ កំពុងផ្ទុះជំងឺសារទឹក និងជំងឺអុតក្តាម ខណៈមន្ត្រីជំនាញបានចុះព្យាបាលតែខ្វះថ្នាំ ទើបអាជ្ញាធរ និងពលរដ្ឋអំពាវនាវដល់ក្រសួងកសិកម្ម សូមជួយផ្ដល់ថ្នាំបន្ថែមទៀត ដើម្បីព្យាបាលសត្វគោក្របី ឲ្យបានទាន់ពេលវេលា។
មន្ត្រីកសិកម្មស្រុកកំពង់រោទិ៍ បានឲ្យដឹងទៀតថា ករណីផ្ទុះជំងឺសារទឹក និងអុតក្តាម ទៅលើសត្វគោក្របីរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ គិតក្នុងខែកក្កដាកន្លងទៅនេះ មានចំនួន៣៩២៥ក្បាល ងាប់១៨ក្បាល និងព្យាបាលជា៣៩០០ក្បាល ក្នុងនោះមន្ត្រីជំនាញ បានចុះសហការជាមួយពេទ្យសត្វភូមិ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា តែក្នុងការព្យាបាលនេះក៏មានការខ្វះខាតថ្នាំផងដែរ៕