(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា វប្បធម៌សន្ទនា មិនអាចរំលោភលើដែនសមត្ថកិច្ច តុលាការបានឡើយ បើសិនជារំលោភលើដែនសមត្ថកិច្ចតុលាការ គឺហៅថា «វប្បធម៌និទណ្ឌភាព»។ លោកថា វប្បធម៌សន្ទនា ប្រើសម្រាប់ ដោះស្រាយរឿងនយោបាយ មិនមែនប្រើសម្រាប់ដោះស្រាយរឿងរបស់អ្នកនយោបាយទេ។
ថ្លែងប្រាប់អង្គភាព Fresh News លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «វប្បធម៌ដែលរំលោភលើ ដែនសមត្ថកិច្ច គេហៅថា វប្បធម៌និទណ្ឌភាព គឺមិនអាចធ្វើទៅរួចនោះទេ វប្បធម៌សន្ទនា ប្រើសម្រាប់ដោះស្រាយ រឿងនយោបាយ តែបើ អ្នកនយោបាយធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយមិនអាចត្រឡប់ក្រោយនោះទេ បើថាចង់ដោះស្រាយបញ្ហានយោបាយ កុំប្រព្រឹត្តបទល្មើសទាក់ទងផ្លូវច្បាប់ យើងនិយាយគ្នាមិនកើត បើដល់ទោសកំហុសជាមួយតុលាការហើយ យើងមិនអាចដោះស្រាយបានទេ»។
មន្រ្តីអ្នកនាំពាក្យរូបនោះបានបន្តថា «តើការចាប់ខ្លួនហ្នឹង ជាការគាប់សង្កត់របស់ គណបក្សកាន់អំណាច រឺដោយសារអំពើប្រព្រឹត្តខុសច្បាប់របស់ សាម៉ីជននីមួយៗ យើងដឹងហើយ ដូចករណីលោក សម រង្ស៊ី គាត់បរិហារកេរ្តិ៍ ឯកឧត្តម ហោ ណាំហុង មានពាក្យបណ្តឹងឯណា បើសិនជា គាត់អត់ធ្វើអីសោះប៉ះពាល់ដល់ ឯកឧត្តម ហោ ណាំហុង មានបណ្តឹងណា រហូតដល់គាត់ត្រូវនិរទេស ដោយរត់គេចចេញពីច្បាប់ ឯកឧត្តម ហុង សុខហូរ ឯកឧត្តម អ៊ុំ សំអាន ប្រសិនណាជាគាត់កុំប្រមាថមើលងាយ ញុះញង់បង្កើតឲ្យមានអរិយភាព នៅក្នុងសង្គមប៉ះពាល់ដល់សន្តិសុខសង្គម គ្មាននរណាទៅរុកគួនគាត់នោះទេ»។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្រ្គោះជាតិ កាលពីម្សិលមិញ គណបក្សបានចេញ លទ្ធផលនៃកិច្ចប្រជុំ ចំនួន៤ ចំណុច ពាក់ព័ន្ធស្ថានភាពនយោបាយនាពេលថ្មីៗនេះ នៅក្នុងក្នុងនោះគណបក្សសង្គ្រោះជាតិ ក៏បានប្រកាន់យកវប្បធម៌សន្ទនា ជាមូលដ្ឋាន ក្នុងការស្តារស្ថានការណ៍នយោបាយ ឲ្យមានភាពប្រក្រតីឡើងវិញ។
ការកោះប្រជុំបន្ទាន់នេះធ្វើឡើងបន្ទាប់ពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «បដិសេធ ក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនសំណុំ រឿងទៅ ចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់៕