(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែកក្កដា និងលើកទិសដៅសម្រាប់ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីដែលមានការពាក់ព័ន្ធមួយចំនួនទៀត។
លោក ណារ៉ា ចំរើន នាយករដ្ឋបាលសាលាខេត្ត បានជម្រាបជូនអំពីការរៀបចំសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២មានចំនួន៩៦ទំព័រ និងចែកចេញជា៤ផ្នែកធំៗរួមមាន៖ ការគ្រប់គ្រងរដ្ឋបាលខេត្ត ការងាររបស់មន្ទីរអង្គភាពនានាជុំវិញខេត្ត បញ្ហាប្រឈម និងដំណោះស្រាយ និងលើកទិសដៅអនុវត្តខែបន្ត របស់រដ្ឋបាលខេត្ត។
សេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដានេះ នឹងត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ តាមរយៈរបៀបវារៈ នេះ ក៏បានធ្វើការពិភាក្សាស្តីពីវឌ្ឍនៈភាព សំណូមពរ ករណីការផ្តល់សេវាស្វែងរកព្រំដី នៃវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី និងផ្សព្វផ្សាយ ស.ជ.ណ លេខ១៦២២ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការពង្រឹងការគ្រប់គ្រងការងារ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ថ្លែងក្នុងឱកាសបិទអង្គប្រជុំ លោក ចេង ឡៃ អភិបាលខេត្តស្តីទី បានសំណូមពរដល់អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលក្រុងស្រុក បន្តខិតខំអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។ រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ បង្កាបង្រ្កាបនូវរាល់បទល្មើសដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងវិស័យធនធានជលផលនៅក្នុងបឹងទន្លេសាប និងធនធានព្រៃឈើ ស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកក្រគរ ដែលកន្លងមក នៅតែមានករណីជនល្មើសចូលទៅកាប់ឆ្ការរុករាន ទន្រ្ទានព្រៃឈើខុសច្បាប់ យ៉ាងអាណាធិបតេយ្យ៕