(ត្បូងឃ្មុំ)៖ ក្រោយលេចឮថាមានមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ទារលុយពីបុគ្គលិកជាប់កិច្ចសន្យាជាថ្នូរនឹងការបញ្ជូនឈ្មោះ ទៅក្រសួងដើម្បីបញ្ចូលក្របខណ្ឌរដ្ឋរួចមក ប្រធានមន្ទីរសុខាភិបាលខេត្ត បានបើកធ្វើការសើុបអង្កេតពាក់ព័ន្ធករណីនេះ ដើម្បីរកការពិតហើយ និងប្រកាសថារាល់ការបញ្ចូលក្របខណ្ឌពេញសិទ្ធិ សំរាប់បុគ្គលិកពេទ្យជាប់កិច្ចសន្យានឹងមិនតម្រូវអោយបង់ប្រាក់នោះទេ បើមានបុគ្គលណាទារលុយសូមរាយការណ៍ ឬទូរស័ព្ទប្រាប់លោក, លោកនឹងមានវិធានការ តាមច្បាប់ហើយធានាលាក់ការណ៍សម្ងាត់ជូនទៀតផង។
ថ្លែងប្រាប់ Fresh News លោកវេជ្ជបណ្ឌិតកែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានអះអាងថា ក្រោយមានការលេចឮព័ត៌មានថា មានការទារលុយពីបុគ្គលិក ជាប់កិច្ចសន្យាជាថ្នូរនឹងការសន្យាថា នឹងបញ្ជូនឈ្មោះទៅក្រសួងដើម្បីបញ្ចូលក្របខណ្ឌរដ្ឋរួចមក ក្នុងនាមលោកជាប្រធានក្រុមការងារសម្របសម្រួលការបំពេញបែប បទដាក់បញ្ចូលក្របខណ្ឌបានបើកធ្វើការសើុបអង្កេត និងស្រាវជ្រាវភ្លាមៗផងដែរ វែករកមុខជនខិលខូចទាំងអស់នោះដើម្បីមានវិធានការតាមច្បាប់ ព្រោះយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ការបញ្ចូលក្របខណ្ឌមន្ត្រីជាប់កិច្ចសន្យាមិនតម្រូវអោយបង់ប្រាក់ឡើយ អ្នកណាទារលុយគឺជារឿងខុសច្បាប់ លោកនឹងមានវិធានការតាមច្បាប់។ក្នុងនោះលោកវេជ្ជបណ្ឌិតក៏បានលើកឡើងផងដែរ យោងតាមអនុក្រឹត្យ រាល់បុគ្គលិកជាប់កិច្ចសន្យា ដែលត្រូវបានបញ្ចូលក្របខណ្ឌគឺបានតែបុគ្គលិកដែលមានសញ្ញាបត្រជំនាញពេទ្យហើយកំពុងបំពេញការងារពេទ្យស្របច្បាប់ប៉ុណ្ណោះ។
ដោយឡែកបុគ្គលិកជាប់កិច្ចសន្យា ដែលមិនមានសញ្ញាបត្រពេទ្យឬមានសញ្ញាបត្រហើយ តែមិនបំពេញជំនាញពេទ្យជាប់កិច្ចសន្យា ព្រោះពេញកន្លែង ហើយសុំធ្វើការងារផ្នែកផ្សេងដើម្បីបានប្រាក់ខែក៏មិនត្រូវបានអនុញាតអោយបញ្ចូលក្របខណ្ឌដូចគ្នា។ ដូច្នេះសុំបងប្អូនដែលជាមន្ត្រីជាប់កិច្ចសន្យាទាំងអស់ត្រូវមើលនិងសាកសួរព័ត៏មានអោយច្បាស់ថាតើខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលក្របខណ្ឌឬអត់? កុំអោយចេះតែជឿតាមជនឆ្លៀតឧកាសខិលខូចដើរឃោសនាបោកប្រាស់ថា អោយលុយប៉ុណ្ណេះឬប៉ុណ្ណោះ គេធានារត់ការបានចូលក្របខណ្ឌអោយសោះ ច្បាស់ជាចាញ់បោកគេហើយ។
ដោយឡែកសំរាប់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បច្ចុប្បន្នក្រុមការងារបានរៀបចំឈ្មោះ ជិតរួចរាល់អស់ហើយ នៅតែថ្ងៃក្រុមការងារបើកការប្រជុំពិនិត្យបញ្ជីឈ្មោះចុងក្រោយនៅពាក់កណ្ដាលខែមិថុនាខាងមុខ រួចហើយបិទប្រកាសជាសាធារណៈ បើគ្មានការតវ៉ាទេ នឹងបញ្ជូនទៅក្រសួងពិនិត្យសំរេចហើយ។
ជុំវិញបញ្ហានេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្លាប់បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News កាលពីរសៀលថ្ងៃទី២៦ ខែឧសភាអោយដឹងថា លោកព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត និងតាមផ្លូវច្បាប់ចំពោះ មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំណាមួយ ដែលហ៊ានទាមទារប្រាក់៥ពាន់ដុល្លារ ពីមន្រ្តីពេទ្យជាប់កិច្ចសន្យា ជាថ្នូរនឹងការទទួលបានក្របខណ្ឌរបស់រដ្ឋ ព្រោះមន្រ្តីពេទ្យជាប់កិច្ចសន្យា នឹងត្រូវដាក់បញ្ចូលក្នុងក្របខណ្ឌរបស់ក្រសួងដោយឥតគិតថ្លៃ។
លោករដ្ឋមន្រ្តីសុខាភិបាល បានព្រមានធ្ងន់ៗយ៉ាងដូច្នេះថា «អ្នកស៊ី និងអ្នកសូក ត្រូវទទួលទោសតាមផ្លូវច្បាប់ដូចគ្នា ហើយមន្រ្តីជំនាញនឹង បើកការស៊ើបអង្កេតលើករណីនេះ នឹងមិនឲ្យមានករណីទារប្រាក់ពីមន្រ្តីពេទ្យជាប់កិច្ចសន្យានោះជាដាច់ខាត»៕