(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនេះប្រមុខការទូតឥណ្ឌា បានលើកឡើងបង្ហាញបំណងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ផ្លូវពីឥណ្ឌា ឆ្លងកាត់មីយ៉ាន់ម៉ា ថៃ មកកាន់កម្ពុជា។ លោកក៏បានបង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន មេគង្គ គង្គារ លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និងការអភិវឌ្ឍសហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍រាល់បំណងកិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើនេះ។ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការសិក្សាបញ្ចប់លើផ្នែកបច្ចេកទេសនានា ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសន្យាគាំពារវិនិយោគផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឥណ្ឌា ឱ្យពិចារណាហោះហើរត្រង់ពីឥណ្ឌា មកកាន់កម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងស្នើឱ្យមានការពិចារណាលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ ឱ្យដល់កម្រិតកំពូល៕