(ភ្នំពេញ)៖ លោកស្រី ផេននី វង់ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានបង្ហាញការរំពឹងរបស់ខ្លួនថា ទំនាក់ទំនងរវាងអូស្ត្រាលី និងកម្ពុជា ក៏ដូចជាជាមួយអាស៊ាន នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរ។
លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានថ្លែងបង្ហាញក្តីរំពឹងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។
ក្រៅតែពីបង្ហាញបំណងចង់ឃើញនូវទំនាក់ទំនងត្រូវបានពង្រឹង និងពង្រីកជាមួយកម្ពុជា និងអាស៊ានហើយនោះ ក្នុងជំនួបនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកស្រី ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ចំពោះភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះលោកស្រីប្រមុខការទូតអូស្ត្រាលី។ ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោ បានសម្តែងនូវការអបអរសាទរខួបលើកទី៧០នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះគណបក្សពលករអូស្ត្រាលី ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែឧសភា កន្លងទៅ។ សម្តេចតេជោ ក៏បានសម្តែងការអបអរសាទរចំពោះលោកស្រី ផេននី វង់ ដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណអូស្ត្រាលី ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាពនៅកម្ពុជា កាលពីអតីតកាល និងការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ បានផ្តល់វ៉ាក់សាំង និងឧបករណ៍រក្សាទុកវ៉ាក់សាំង ដល់កម្ពុជា ជួយឱ្យកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវក្តីរីករាយជាមួយភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី។ ជាពិសេសរីករាយ ដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងក្នុងរង្វង់ជាង ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩។
ក្នុងជំនួបពិភាក្សាការងារនេះ សម្តេចតេជោ បានស្នើអូស្ត្រាលី បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនកូតានាំអង្ករពីកម្ពុជា និងបើកទីផ្សារទទួលផលិតផលកម្ពុជា ឱ្យបានធំទូលាយជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត៕