Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចំរុះ ចុះដកហូតទឹកអាសីុតរូបទន្សាយ ជំនួសទឹកខ្មេះ និងទំនិញខូចគុណភាព​ នៅតាមផ្សារជាប់ព្រំដែនថៃ

28-05-2016 12:22

(បន្ទាយមានជ័យ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ហុង លាង អនុប្រធានសាខាទទួលបន្ទុកស្ថិតិ និងទីផ្សារ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងនគរបាលប្រឆាំងបទល្មើស​ សេដ្ឋកិច្ចខេត្ត-ក្រសួង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះទៅដកហូតទឹកអាសីុតរូបទន្សាយ ប្រើជំនួសទឹកខ្មេះ ព្រមទាំងទំនិញខូចគុណភាពនៅតាមផ្សារចំនួន២គឺផ្សារបឹងត្រកួន និងផ្សារអូរ៣ជាន់ នៅតាមព្រំដែន ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក ហុង លាង បានឲ្យដឹងថា ក្រោមការណែនាំរបស់លោក ស៊ាន សីុណាត ប្រធានសាខាខេត្ត លោកបានដឹកនាំមន្រ្តីជំនាញ សហការជាមួយមត្ថកិច្ចពាក់ព័ន្ធ ចុះទៅកាន់ផ្សារ២ ដែលដាច់ស្រយាលជាប់ព្រំដែន ខ្មែរ-ថៃ ដើម្បីត្រួតពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលកំពុងដាក់តាំងលក់នៅតាមទីផ្សារ។

លោកបានបន្តទៀតថា នាឱកាសនេះដែរ ក្រុមការងារ បានផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ អាជីវករឲ្យលក់ដូរទំនិញដែលមានគុណភាព ចេះមើលកាលបរិច្ឆេទ នៃអាយុកាល របស់ទំនិញហូបចុក។

បើតាមលោក ហុង លាង ក្រោយការចុះត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចចំរុះ បានដកហូត ត្រីខ៣៨កំប៉ុង, ទឹកអាសុីត ដបជ័រ រូបទន្សាយ ១០ដប, ទឹកក្រូច ១៩៨ដប, ទឹកដោះគោ ខ្លាឃ្មុំ ៤កំប៉ុង និងទឹកដោះគោ ឆៅ៥ប្រអប់។

មន្រ្តីរូបនេះ បានបញ្ជាក់ថា មន្រ្តីរបស់លោក សហការជាមួយមន្រ្តីពាក់ព័ន្ធ បាននិងកំពុងបន្តយុទ្ធនាការជាបន្តបន្ទាប់ លើការចុះត្រួតពិនិត្យមុខទំនិញតាមទីផ្សារ និងតាមតូបលក់ដូរ ដើម្បីរកឲ្យឃើញទំនិញខូចគុណភាព និងជាពិសេសទឹកអាសីុតដែលកំពុងយកមកចែកចាយ នៅពេលនេះ៕