(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានសម្តែងការអរគុណចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។
លោកស្រី ផេននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ានេះ ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដោយផ្ទាល់ ដើម្បីស្វះស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ានេះ ពេលក្លាយជាប្រធានអាស៊ានភ្លាមកាលពីខែមករា ឆ្នាំ២០២២ បើទោះបីដំណើរទស្សនកិច្ចនោះ រងសម្ពាធ និងត្រូវបានគេរិះគន់មួយចំនួនក៏ដោយនោះ។
បន្ថែមពីលើនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក៏បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាចំនួនពីរដងផងដែរ ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា និងការផ្តល់ជំនួយមនុស្សធម៌ជាដើម។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច កម្ពុជា បានប្រកាន់យកអភិក្រមជាក់ស្តែងនិយម និងដោះស្រាយមួយជំហានម្តងៗ។ ក្នុងនោះកម្ពុជា បានផ្តោតលើការងារអាទិភាពចំនួន៣ រួមមាន៖ ១) កាត់បន្ថយ ឬបញ្ឈប់អំពើហិង្សាទាំងស្រុង, ២) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើង និងទី៣) កសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
តែទោះជាយ៉ាងណា កម្ពុជា បានសោកស្តាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តន៍ទោសប្រហារជីវិតលើអ្នកទោសនយោបាយ៤រូបនាពេលចុងក្រោយនេះ។ ប្រតិកម្មតបនឹងឥរិយាបថនេះ ក្នុងនាមប្រធានអាស៊ាន កម្ពុជាបានបញ្ចេញប្រតិកម្មតាមរយៈសេចក្តីថ្លែងការណ៍ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា បើទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កម្ពុជាបន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងដំណើរការតាមគន្លងប្រជាធិបតេយ្យឡើងវិញ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន ក៏បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងនេះផងដែរ៕