(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មានចំនួន ៥២៨លើក មានកម្មករនិយោជិតចូលរួមចំនួន ២០៣,០២៩នាក់ ស្រី ១៥១,៦៣៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែសីហានេះ។
ក្រសួងការងារ បានឱ្យដឹងថា តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ម្យ៉ាងវិញទៀត បងប្អូនកម្មករនិយោជិត បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននេះឡើង៕