Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ មិនមានភាគីណាមួយ បានដាក់សំណើមកក្រសួងយុត្តិធម៌ ដើម្បីពន្យល់បន្ថែមពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើយ, នោះមានន័យថា ក្រសួងបានពន្យល់ត្រឹមត្រូវ

04-08-2022 19:51

(ភ្នំពេញ)៖ ការបើកឱ្យគ្រប់ភាគីទាំងអស់ ដែលមិនទាន់យល់អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដាក់សំណើដើម្បីទទួលបានការពន្យល់ពីក្រសួងយុត្តិធម៌ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ប៉ុន្តែមិនមានភាគីណាមួយ បានដាក់សំណើដើម្បីសុំការពន្យល់ឡើយ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា មូលហេតុដែលភាគីទាំងនោះ មិនចូលមកជជែកតទល់គ្នានេះ គឺមានន័យពីរយ៉ាង៖

ទី១៖ ទទួលយកការពន្យល់ បំភ្លឺ និងការបកស្រាយរបស់ក្រសួងនាពេលកន្លងមក ថាត្រឹមត្រូវ។
ទី២៖ ទទួលស្គាល់ថា ការដាក់ញត្តិនិងការរិះគន់របស់ខ្លួន នាពេលកន្លងមក គឺមិនត្រឹមត្រូវ និងជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។

លោក ម៉ាលីន បញ្ជាក់ដែរថា «នេះគេហៅថា “យុទ្ធសាស្រ្តដេញទាន់ជាន់កែងតាមបែបមាសសុទ្ធមិនខ្លាចភ្លើង»

សូមជំរាបថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសអញ្ជើញបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលជំទាស់ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេស ដើម្បីជម្រះចោលនូវកង្វល់។

ការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់នេះ ត្រូវធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២, ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៤:៣០ នាទី តទៅ អាស្រ័យទៅតាមសំណើ និងពេលវេលារបស់គណបក្សនយោបាយ ឬអង្គការ សង្គមស៊ីវិល៕