(តាកែវ)៖ លោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ បានឆ្លើយតបការផ្សព្វផ្សាយបំភ្លៃពីសំណាក់បុគ្គល និងអង្គភាពសារព័ត៌មានមួយចំនួន ដែលបណ្ដាលឱ្យមានការភាន់ច្រឡំថា ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅនឹងត្រូវរើទៅតាំងនៅខេត្តសៀមរាប ឬខេត្តកំពង់ឆ្នាំង ឬខេត្តកំពង់ស្ពឺ ឬខេត្តមណ្ឌលគិរីវិញ ដែលនាំឱ្យមានផលប៉ះពាល់ដល់សត្វព្រៃនៅភ្នំតាម៉ៅនេះ។

ករណីនេះ ប្រធានឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅបានបកស្រាយបំភ្លឺជូនសាធារណជនថា ការផ្សព្វផ្សាយខាងលើនេះមិនមែនជាការពិតទេ ពីព្រោះអង្គភាពគ្រប់គ្រងពុំមានផែនការរុះរើ ឬផ្ទេរឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅទៅទីតាំងផ្សេងនោះឡើយ ខណៈបណ្ដាសត្វព្រៃនៅក្នុងឧទ្យានកំពុងរស់នៅជាធម្មតា ពុំបានរងការគំរាមកំហែង ឬរងផលប៉ះពាល់អ្វីឡើយ។

លោកបានបន្ថែមថា ក្រៅពីការថែរក្សាអភិរក្ស សង្គ្រោះ អប់រំ និងបង្កាត់ពូជសត្វព្រៃ ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅក៏មានផែនការរៀបចំកែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ពន្ធគាំទ្រដល់ការងារទាំងនេះទៀតផងដែរ ដូច្នេះមិនមានហេតុផលណាដែលត្រូវផ្ទេរទៅកន្លែងផ្សេងនោះទេ។

គួរជម្រាបថា ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅមានទីតាំងស្ថិតនៅស្រុកទន្លេបាទី ខេត្តតាកែវ ដែលលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា និងមានរបងសុវត្ថិភាពព័ទ្ធជុំវិញ។ នៅទីនោះមានសត្វដំរី ឈ្លូស ប្រើស ក្ដាន់ រមាំង ស្វា ជ្រូកព្រៃ សត្វស្លាប ព្រទាំងសត្វកម្រ សត្វកម្រជិតផុតពូជដទៃទៀតជាច្រើន។

សូមទស្សនានិងស្ដាប់ការបកស្រាយរបស់ប្រធានឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ៖