(ព្រះសីហនុ)៖ អំពើបាញ់សម្លាប់ជនជាតិចិនស្លាប់២នាក់ និងរងរបួសម្នាក់ នៅក្នុងកាស៊ីណូ «តុងហ្វាយប៉ាលីរិន» ស្ថិតនៅ ក្រុមទី១៣ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលខេត្តព្រះសីហនុ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកការស្រាវជ្រាវរហូតតាមចាប់ជនដៃដល់ចំនួន៣នាក់ទៀត ដែលជាជនជាតិចិន។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានបាញ់ប្រហារនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការគ្នាចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ តែជនសង្ស័យបានគេចខ្លួនបាត់អស់។
របាយការណ៍បានបន្តទៀតថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
*ទី១៖ ឈ្មោះ Ding PingPing ហៅ Ding QiQi ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
*ទី២៖ ឈ្មោះ Xu WeiWei ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុនរបរ គ្រប់គ្រងកាំមេរ៉ាសុវត្ថិភាពនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
*ទី៣៖ ឈ្មោះ Du Jian Bo ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងសន្តិសុខនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិនជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
ដោយឡែកសម្ភារវត្ថុតាង ដែលកម្លាំងនគរបាលដកហូតរួមមាន៖ អាវុធខ្លីចំនួន ៥ដើម (អាវុធខ្លីដែលជនសង្ស័យបាញ់ជនរងគ្រោះចំនួន៤ ដើម និងចំនួន១ដើមទៀត ឆែកឆេរបានពីទូរដែកក្នុងអគារកើតហេតុ), រថយន្ត ចំនួន៣គ្រឿង ជាមធ្យោយបាយធ្វើសកម្មភាព និងរត់គេចខ្លួន, សម្ភារ និងឯកសារមួយចំនួនទៀត។
ជនសង្ស័យទាំង៣នាក់រួម និងវត្ថុតាងកម្លាំងជំនាញ បានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ និងបានបើកការស៊ើបអង្កេតជាបឋម ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលរត់គេចខ្លួនបន្ត យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ តុងហ្វាងប៉ាលីរិន ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយបានកើតឡើង បណ្តាលឲ្យបុរសជនជាតិចិន២នាក់ស្លាប់ និងម្នាក់ទៀតរបួស៕