(ព្រះសីហនុ)៖ ទេសរដ្ឋមន្ដ្រី លី ធុជ ទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ ចូលរួមបិទសិក្ខាសា លាវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល​នៃដំណើរការរៀបចំផែនការសកម្មភាពមីន ដល់មន្ដ្រីអង្គភាពផែនការសកម្មភាពមីនខេត្ត។

ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ដ្រី សំណូមពរដល់ គណៈអភិបាលខេត្តទាំងអស់ ជាពិសេសខេត្តដែលរងផលប៉ះពាល់ដោយសារមីន និងសំណង់ជាតិផ្ទុះពីសង្គ្រាម សូមយកចិត្តទុកដាក់ខ្ពស់អំពីការរៀប​ចំផែនការបោសសម្អាតមីន ឱ្យចំគោលដៅ និងទាន់ពេលវេលា ស្របតាមតម្រូវការពិតរបស់ប្រជាពលរដ្ឋ ស្របតាមសន្ទុះនៃការអភិវឌ្ឍន៍ ដែលមានល្បឿនលឿនគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំប្រកប​ដោយគិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី បានធ្វើការកោតសរសើរ ចំពោះអង្គភាពផែនការសកម្មភាពមីន ទាំង២៥ រាជធានី-ខេត្ត ដែលមិនត្រឹមជាអ្នករៀបចំផែនការប៉ុណ្ណោះទេ ប៉ុន្ដែជាអ្នកសម្របសម្រួល​ជាមួយប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ជាពិសេសការគិតគូអំពីអ្នកទទួលផលលើដីដែលបោសសម្អាតមីន។

 បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ បន្ដចែករំលែកចំណេះដឹង ដែលទទួលបានពីសិក្ខាសាលានេះ ដល់ក្រុមការងារនៅតាមបណ្ដាលខេត្តរបស់ខ្លូន ដើម្បីបង្កើនប្រ​សិទ្ធភាព ក្នុងការផ្សព្វផ្សាយការរៀបចំផែនការបោសសម្អាតមីន ដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន និងសំណង់ជាតិផ្ទុះពីសង្គ្រាម ក្នុងការររៀបចំផែនការបោសសម្អាតមីន ស្របតាមតម្រូវ​ការចាំបាច់នូវមូលដ្ឋាន។

សូមបញ្ជាក់ថា សិក្ខាសាលានេះ​ធ្វើឡើងរយៈពេល៥ថ្ងៃ គឺចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ៕