(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានចុះណែនាំ និងរៀបចំសណ្តាប់ធ្នាប់ ហាមឃាត់ការដាក់តុ កៅអី ឬសម្ភារលក់ដូរលើផ្លូវ និងលើដីឆ្នេរសាធារណៈ នៅតាមបណ្តារឆ្នេរអូរឈើទាល និងឆ្នេរវិថីតេជោ (ពយតាមូង) សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកអភិបាលរងក្រុង បានបញ្ជាក់ថា ទីតាំងមួយចំនួនដែលពលរដ្ឋខ្លះ មិនទាន់បានដឹង អាជ្ញាធរបានអប់រំឲ្យបងប្អូនបញ្ឈប់ការលក់ដូរប៉ះពាល់សណ្តាប់ធ្នាប់ និងថាទីតាំងខ្លះទៀតដែលអាជ្ញាធរ បានអប់រំច្រើនដង មកហើយ ដូច្នេះអាជ្ញាធរក៏សម្រេចចាប់ដកហូតយកសម្ភារលក់ដូរមួយចំនួន មករក្សាទុកនៅសាលាក្រុងព្រះសីហនុ ជាការដាក់ពិន័យ។
គួររំឭកថា ដើម្បីថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាពឆ្នេរ រដ្ឋបាលក្រុង បានផ្សព្វផ្សាយណែនាំបងប្អូនអ្នកលក់ដូរចល័តនៅតាមដងផ្លូវឆ្នេរសមុទ្រ និងបានចេញសេចក្ដីជូនដំណឹងផ្សព្វផ្សាយ និងចុះណែនាំដល់ទីតាំង នាពេលកន្លងមក ឱ្យបញ្ឈប់ការដាក់តុ កៅអី និងដាក់ចង្ក្រានដាំស្លរម្ហូបអាហារ នៅលើឆ្នេរ ចាប់តាំងពីថ្ងៃទី២២ ខែមិថុនា ដល់ត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋបាលក្រុងក៏បានបន្តទៀតថា បើករណីនៅតែបន្តលក់ និងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងសហការជាមួយមន្ទីរពាក់ព័ន្ធចុះអនុវត្តវិធានការរដ្ឋបាលទេ នឹងចាប់យកសម្ភារទាំងអស់នោះ ហើយមិនប្រគល់ជូនវិញទេ៕