(ភ្នំពេញ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឧត្តមសេនីយ៍ឯក កែវ មាស ចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាជនជាប់ចោទពាក់ព័ន្ធសំណុំរឿងបរិហារកេរ្តិ៍ ជាសាធារណៈ ដែលប្ដឹងដោយអ្នកស្រី ជា គង្គា ភរិយានាយឧត្តមសេនីយ៍ ដុម ហាក់។
យោងតាមដីកាកោះហៅ ដែលចេញដោយព្រះរាជអាជ្ញារង ស៊ី វណ្ណនី ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ បានបង្គាប់អោយលោកឧត្តមសេនីយ៍ កែវ មាស ចូលរួមសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ពាក់ព័ន្ធសំណុំរឿងជាប់ចោទ ក្នុងបទបរិហារកេរ្តិ៍ជាសាធារណៈ។
លោកឧត្តមសេនីយ៍ កែវ មាស ដែលគេស្គាល់ថា ជាប្រធានការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវស្ត្រីឈ្មោះ ជា គង្គា ជាភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ ដាក់ពាក្យបណ្ដឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធទៅនឹងករណី ដែលអ្នកស្រីអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារកេរ្តិ៍ មកលើអ្នកស្រី ដែលជាព័ត៌មានមិនពិតឲ្យសារព័ត៌មានយកទៅចុះផ្សាយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ អ្នកស្រី ជា គង្គា បានធ្វើពាក្យបណ្ដឹងដាក់ចូលទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្ដឹងលោកឧត្តមសេនីយ៍ កែវ មាស ភេទប្រុស មានតួនាទីជានាយការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ក្នុងពាក្យបណ្ដឹង អ្នកស្រី ជា គង្គា បានអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារកេរ្តិ៍អ្នកស្រី ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មានក្នុងស្រុកមួយយកទៅចុះផ្សាយ ជាសាធារណៈតាមព័ត៌មានអនឡាញ។
នៅក្នុងបទសម្ភាសន៍នោះ លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយចោទប្រកាន់ទៅលើអ្នកស្រី ជា គង្គា ថា ឯកឧត្តម ដុម ហាក់ គាត់អោយប្រពន្ធក្រោយរុញមកចាប់យកដី២ហិកតា នៅបន្ទាយស្រីលក់បាត់ហើយ និងនិយាយថា ឯកឧត្តមដុម ហាក់ ហ្នឹងណាស់ គឺប្រពន្ធចុងរុញចាប់យកដីគ្រប់កន្លែង មិនមែនមួយហ្នឹងទេ នៅតាមព្រំដែន អោយតែដីណាមិនច្បាស់លាស់ចាប់យកបាត់ ព្រមទាំងនិយាយបន្ថែមទៀតថា ជំទាវចំតិត មិនដឹងយ៉ាងម៉េចទេ អោយគេថតសំលេងខ្ញុំយកទៅប្ដឹង ដែលពាក្យពេចន៍ទាំងអស់ខាងលើនេះ សុទ្ធសឹងតែជាការនិយាយបំភ្លើសការពិត និងមួលបង្កាច់ទៅលើអ្នកស្រី ដោយគ្មានភស្តុតាង និងជាការប្រមាថដល់ស្ត្រីខ្មែរគ្រប់រូប និងជាការនិយាយផ្ដេសផ្ដាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រី ដោយអ្នកស្រីប្ដឹងទាមទារអោយតុលាការ ផ្ដល់យុត្តិធម៌តាមច្បាប់ និងទាមទារជំងឺចិត្តចំនួន១០០០លានរៀលផងដែរ។
ក្រោយមកព្រះរាជអាជ្ញា បានសំរេចធ្វើការចោទប្រកាន់លោក កែវ មាស ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ រួចហើយបញ្ជូនឲ្យចៅក្រមស៊ើបសួរបន្ត។ បច្ចុប្បន្នសំណុំរឿងនេះ ត្រូវបានតុលាការលើកយកមកបើកសវនាការ ជាសាធារណៈ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ៕
រូបអាវសដៃខ្លី ឧត្តមសេនីយ៍ កែវ មាស ចេញពីផ្ដល់ចំលើយ នៅអយ្យការកន្លងមក