(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន បានថ្លែងអំណរគុណកម្ពុជា ចំពោះកិច្ចប្រឹងប្រែងក្នុងការជួយដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន។ ការថ្លែងអំណរគុណរបស់លោក អាន់តូនី ប្លីងខេន បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងាររសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដោយផ្ទាល់ ដើម្បីស្វះស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ានេះ ពេលក្លាយជាប្រធានអាស៊ានភ្លាមកាលពីខែមករា ឆ្នាំ២០២២ បើទោះបីដំណើរទស្សនកិច្ចនោះ រងសម្ពាធ និងត្រូវបានគេរិះគន់មួយចំនួនក៏ដោយនោះ។
បន្ថែមពីលើនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក៏បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាចំនួនពីរដងផងដែរ ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា និងការផ្តល់ជំនួយមនុស្សធម៌ជាដើម។
ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកថា កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជននយោបាយ៤រូប កាលពីពេលថ្មីៗ នៅប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា បានធ្វើប្រតិកម្មតាមរយៈការចេញសេចកីថ្លែងការណ៍ក្នុងនាមប្រធានអាស៊ាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ទោះបីមានសោកស្តាយយ៉ាងណាក្តី កម្ពុជា នៅតែប្ដេជ្ញាចិត្តខិតខំជួយឱ្យប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះក្រៅតែពីការជជែករឿងរបស់មីយ៉ាន់ម៉ាហើយនោះ ប្រមុខការទូតអាមេរិក ក៏បានថ្លែងអំណរគុណកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងមួយចំនួនទៀត។ រួមមានភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត, ការធ្វើដំណើរទៅប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាសីនតោន កាលពីខែឧសភា, ការអនុញ្ញាតឱ្យនាវា Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់, ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៉ីឈ្លានពានអ៊ុយក្រែន, ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម។
រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា៖ ទីផ្សារនាំចេញ និងជំនួយសម្រាប់ការអភិវឌ្ឍ។ល។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះវត្តមានប្រមុខការទូតអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចតេជោ ក៏បានសម្ដែងនូវការរីករាយជាមួយលទ្ធផលនៃជំនួបកំពូលអាស៊ាន-អាមេរិក កាលពីខែឧសភា ឆ្នាំ២០២២ និងជំនួបជាមួយសមាជិកព្រឹទ្ធសភា និងធុរជនអាមេរិកកន្លងទៅនៅរដ្ឋធានីវ៉ាស៊ីនតោន។
ពាក់ព័ន្ធការអនុញ្ញាតឱ្យនាវា Westerdam ចូលចត សម្ដេចតេជោ បានមានប្រសាសន៍ថា ការអនុញ្ញាតឱ្យនាវា Westerdam ចូលចតនោះ ជាការងារមនុស្សធម៌។ ប្រសិនបើកម្ពុជា មិនអនុញ្ញាតឱ្យចូលចតទេ ប្រជាជននៅលើនាវា ត្រូវដាច់ស្បៀង ដាច់ទឹក នឹងឈានទៅដល់មានគ្រោះមហន្តរាយដល់អាយុជីវិត ព្រោះមិនមានប្រទេសណាអនុញ្ញាតឱ្យចូលចតក្រៅពីកម្ពុជានោះទេ។
ចំពោះករណីបោះឆ្នោតគាំទ្រសេចកីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើបញ្ហារុស្ស៉ី ឈ្លានពានអ៊ុយក្រែននោះ សម្តេចតេជោ បានបញ្ជាក់ថា ជាគោលការណ៍ដែលកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានដែលទទួលស្គាល់ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់។ កម្ពុជា ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់គ្នា ចរចាដោយសន្តិវិធី និងការអត់ធ្មត់ជាទីបំផុត ។
ពាក់ព័ន្ធទៅនឹងការស្វែងរកអធិធាតុទាហានអាមេរិក បាត់ខ្លួន នៅក្នុងអំឡុងពេលសង្គ្រាមនោះ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា បានធ្វើការជាមួយសហរដ្ឋអាមេរិកជាច្រើនឆ្នាំមក ហើយកម្ពុជា នៅតែបន្តសហការលើបញ្ហាការងារមនុស្សធម៌នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលតែងជួយដល់កម្ពុជា ទាំងការងារមនុស្សធម៌ ការបញ្ជូនវ៉ាក់សាំង ជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការជួយការងារវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការបញ្ជូនវត្ថុបុរាណមកកម្ពុជាវិញ និងការជួយកម្ពុជា លើវិស័យដទៃទៀត រួមទាំងវិស័យអប់រំ វិស័យបរិស្ថានជាដើម។ល៕