(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ និងដកហូតបានថ្នាំញៀន ៥០គ្រាប់។ ប្រតិបតិ្តការនេះធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ចំណុចកន្លែងចាក់សំរាម ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ស ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សិត អើក អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបន្ដថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យកំពុងលក់គ្រឿងញៀននៅចំណុចខាងលើទើបកម្លាំង របស់លោក ចុះឃាត់ខ្លូនតែម្ដង។ បច្ចប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការ តាមនីតិវិធី៕