(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអាមេរិក ឱ្យពិនិត្យឡើងវិញចំពោះការដាក់ទណ្ឌកម្មលើរុស្ស៉ី ព្រោះទណ្ឌកម្មនោះមិនមែនប៉ះពាល់តែរុស្ស៉ីនោះទេ តែក៏បានប៉ះពាល់ដល់កម្ពុជា និងប្រទេសនានាលើពិភពលោកផងដែរ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក អាន់តូនី ប្លីងខេន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងពីបញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ ក្នុងនោះរដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងអំណរគុណកម្ពុជា ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសរុស្ស៉ី។
ពាក់ព័ន្ធការបោះឆ្នោតនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាគោលការណ៍កម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានដែលទទួលស្គាល់ពាក់ព័ន្ធការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់។ ជាមួយគ្នានោះ កម្ពុជា តែងអំពាវនាវឱ្យមានបទឈប់បាញ់គ្នា ចរចាដោយសន្តិវិធី និងការអត់ធ្មត់ជាទីបំផុត។
ពាក់ព័ន្ធបញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែននេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើនៅចំពោះមុខប្រមុខការទូតអាមេរិក ឱ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៉ី។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទណ្ឌកម្មនេះ មិនមែនប៉ះពាល់ត្រឹមតែរុស្ស៉ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះរួមទាំងកម្ពុជាផងដែរ។
ប្រទេសរុស្ស៉ី បានចាប់ផ្តើមបើកការវាយលុកចូលប្រទេសអ៊ុយក្រែន កាលពីកុម្ភៈ ឆ្នាំ២០២២។ ជាការឆ្លើយតបនឹងប្រតិបត្តិការកងទ័ពក្នុងប្រទេសអ៊ុយក្រែននេះ ប្រទេសក្នុងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផង បានសម្រេចរួមគ្នាដាក់ចេញវិធានការទណ្ឌកម្មលើប្រទេសរុស្ស៉ី។
តែវិធានការទណ្ឌកម្មនេះ ក៏បានជះឥទ្ធិពលអាក្រក់លើផ្នែកសេដ្ឋកិច្ចដល់ប្រទេសនានានៅលើពិភពលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងនៅតាមវេទិកាសាធារណៈឱ្យមានការពិនិត្យឡើងវិញលើវិធានការទណ្ឌកម្មនេះ។
នៅក្នុងជំនួបជាមួយលោក ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៉ីផងដែរ៕