(កំពង់ធំ)៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន១៥គ្រួសារ នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់ពេលវេលា។
លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត និងត្រូវខិតខំបង្កបង្កើនផលចិញ្ចឹមសត្វ និងប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ស្របតាមច្បាប់របស់រដ្ឋ និងត្រូវចូលរួមអនុវត្តឲ្យបានត្រឹមត្រូវតាម គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម, មីចំនួន១កេស, ត្រីខចំនួន១យួរ និងទឹកត្រីចំនួន១យួរ ផងដែរ។
លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំតំណាងឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលជានិច្ចកាលតែងតែផ្សាភ្ជាប់ពីសុខទុក្ខជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានដោះស្រាយការលំបាកជូនប្រជាពលរដ្ឋទាន់ពេលវេលា៕