(ភ្នំពេញ)៖ សិស្សសាលាអនុវិទ្យាល័យព្រែកកំពិសចំនួន២នាក់ បានជិះម៉ូតូឌុបគ្នាទៅសាលារៀន ស្រាប់តែត្រូវរថយន្តនីសាន់ដឹកខ្សាច់បើកបុក និងកិនស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសាច់ញាតិមកទ្រហោយំសោកស្ដាយជនរងគ្រោះ កាលពីវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាក HONDA TODAY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-3846 បើកបរដោយឈ្មោះ សុភ័ក្រ វីរៈ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរមានឈ្មោះ ធីម គីមឡុង អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទំនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។
ភាគីរថយន្តបង្កម៉ាក NISSAN DESELL ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP-0234 បើកបរដោយឈ្មោះ ប៊ុត ដា អាយុ៤១ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពិស។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុគេឃើញជនរងគ្រោះសិស្សសាលា នៃវិទ្យាល័យព្រែកកំពិស បានជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុច កើតហេតុស្រាប់តែត្រូវរថយន្តបង្កខាងលើបើកបរក្នុងល្បឿនលឿនស្របទិសគ្នាមកបុកម៉ូតូពីក្រោយបណ្ដាលឲ្យដួល ដោយកិនជនរងគ្រោះទាំងពីរនាក់ស្លាប់ភ្លាមៗនៅនិងកន្លែង រីឯម៉ូតូនៅជាប់ក្រោមកង់រថយន្តអូសប្រហែល៥០ម៉ែត្រ ទើបតៃកុងឈប់រថយន្តបំរុងរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យជំនាញចរាចរណ៍រាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ព្រមទាំងតៃកុងទៅរក្សាទុក និងសាកសួរ ដើម្បីអនុវត្តន៍តាមនីតិវិធី។ ចំណែកសពរគ្រោះទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី៕