(ភ្នំពេញ)៖ ដើម្បីទាក់ទាញលើកទឹកចិត្តភ្ញៀវទេសចរចូលរួមដល់ការវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងដើម្បីប្រែក្លាយទេសចរធម្មតាទៅជាទេសចរគុណភាព ជាអ្នកវិនិយោគ ឬធុរជនផងនោះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ «គោលនយោបាយស្ដីពីទេសចរពិសេស» ដែលជាគោលនយោបាយថ្មីគាំទ្រដល់កំណើនទេសចរនៅកម្ពុជា។
ដើម្បីឱ្យការរៀបចំគោលនយោបាយថ្មីនេះប្រព្រឹត្តទៅគ្រប់ជ្រុងជ្រោយ ក្រសួងទេសចរណ៍បានរៀបចំឱ្យមានសិក្ខាសាលាពិភាក្សាលើសេចក្ដីព្រាង «គោលនយោបាយស្ដីពីទេសចរណ៍ពិសេស» ជាមួយក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជននានាប្រមាណ៦០ស្ថាប័ន នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមប្រមាណ១០០នាក់។
ក្នុងពិធីបើកសិក្ខាសាលាខាងលើ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានលើកឡើងថា ទេសចរពិសេស គឺភាគច្រើនពួកគេជាអ្នកទេសចរផង និងអ្នកវិនិយោគ/ធុរជនផង ដែលពួកគេមានក្រុមហ៊ុន អាជីវកម្ម មុខរបរ ពាណិជ្ជកម្មនៅប្រទេសកម្ពុជា ហើយនៅពេលដែលពួកគេមកពិនិត្យក្រុមហ៊ុន អាជីវកម្មរបស់ខ្លួនម្ដងៗ ពួកគេក៏បានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍កម្ពុជាដែរ ហើយស្នាក់នៅយូរ ចំណាយលុយច្រើន ហើយមកច្រើនលើកថែមទៀត។
លោករដ្ឋលេខាធិការប្រចាំការបានរំលឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៦លាននាក់ ភ្ញៀវទេសចរជាតិប្រមាណ១១លាននាក់ សរុបទាំងអស់ជិត២០លាននាក់ ទទួលបានចំណូលសេដ្ឋកិច្ចជាតិប្រមាណ៦លានដុល្លារអាមេរិក។ ក្នុងចំណោមទេសចរអន្តរជាតិ៦.៦លាននាក់នៅឆ្នាំ២០១៩នោះ មានទេសចរជាអ្នកវិនិយោគ/ធុរជនតែ១០ភាគរយទេ ដូច្នេះរាជរដ្ឋាភិបាលចង់បង្កើនបរិមាណទេសចរគុណភាពនេះឱ្យកើនឡើងថែមទៀត អាចថា២០-៣០ភាគរយនៃទេសចរអន្តរ។
ខណៈដែលកិច្ចពិភាក្សាកំពុងចាប់ផ្ដើមនោះ លោករដ្ឋលេខាធិការប្រចាំការ ទិត ចន្ថា ក៏បានពន្យល់អំពីគោលបំណងសំខាន់ៗនៃគោលនយោបាយស្ដីពីទេសចរពិសេសនេះ ដោយគោលបំណងទីមួយ គឺដើម្បីបង្កើនការទាក់ទាញទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដូច្នេះទើបគោលនយោបាយស្ដីពីទេសចរពិសេសនេះក៏នឹងក្លាយជាយន្តការក្នុងការទាក់ទាញកំណើនទេសចរនាពេលខាងមុខ។
លោកបានបន្តថា គោលបំណងទីពីរ គឺដើម្បីពង្រីកបរិមាណទេសចរគុណភាព។ លោកថា ទេសចរគុណភាពខុសពីទេសចរធម្មតា ខណៈទេសចរធម្មតាគឺពួកគេគ្រាន់តែមកទស្សនាកម្សាន្តក្នុងរយៈពេលខ្លីណាមួយ ហើយត្រលប់ទៅវិញ ឬក៏ត្រលប់មកទស្សនាទៀត រីឯទេសចរគុណភាពគឺភាគច្រើនពួកគេជាអ្នកវិនិយោគ ជាធុរជនជាដើម ដែលពួកគេមានក្រុមហ៊ុន អាជីវកម្ម មុខរបរ ពាណិជ្ជកម្មនៅប្រទេសកម្ពុជា។ លោកបានបន្តថា ជាទូទៅ ភ្ញៀវទេសចរម្នាក់ចំណាយជាមធ្យម៧០០ទៅ៨០០ដុល្លារក្នុងដំណើរមកទស្សនាកម្ពុជា១លើក ប៉ុន្តែភ្ញៀវទេសចរគុណភាពអាចចំណាយចាប់ពី២០០០ទៅ៣០០០ដុល្លារក្នុងម្នាក់ ហើយមកញឹកញាប់ជាងទេសចរធម្មតាទៀត។។
ចំពោះទីបី លោក ទិត ចន្ថា បានបញ្ជាក់ថា គោលនយោបាយស្ដីពីទេសចរណ៍ពិសេស ក៏មានគោលបំណងប្រែក្លាយទេសចរណ៍ធម្មជាតិឱ្យចូលរួមក្នុងការវិនិយោគនៅកម្ពុជាដែរ។ លោកបានបន្តថា គោលនយោបាយថ្មីនេះនឹងជួយជំរុញឱ្យទេសចរធម្មតាប្រែក្លាយទៅជាទេសចរធុរជន តាមរយៈការវិនិយោគចូលរួមដល់ការអភិវឌ្ឍនៅកម្ពុជា ដូចជាការទិញផ្ទះលម្ហែ ឬផ្ទះទី២នៅកម្ពុជា ហើយចូលរួមធ្វើឱ្យមានចរន្តភ្ញៀវទេសចរទៀតទាត់នៅក្នុងគោលដៅទេសចរណ៍ ពីព្រោះភ្ញៀវទេសចរខ្លះនៅប្រទេសរបស់ពួកគេមានអាកាសធាតុត្រជាក់ខ្លាំង ដូច្នេះពួកគេតែងចង់មានផ្ទះទី២នៅប្រទេសដែលមានអាកាសធាតុត្រជាក់បង្គួរដូចជាកម្ពុជា ហើយរៀងរាល់រដូវរងាម្ដងៗពួកគេប្រាកដជាមកផ្ទះទី២របស់ពួកគេ ដើម្បីសម្រាកលម្ហែនិងដើរកម្សាន្ត។ ពួកគេក៏នឹងនាំទាំងសាច់ញាតិកូនចៅរបស់ខ្លួនមកជាមួយផងដែរ ដោយហេតុថាពួកគេមានទាំងមុខរបរ ក្រុមហ៊ុន អាជីវកម្មផង មានផ្ទះទី២នៅកម្ពុជាផង ហើយមកច្រើនលើកច្រើសាក្នុងមួយឆ្នាំៗ។ ក្រៅពីទេសចរប្រភេទនេះ ក៏នៅមានប្រភេទទេសចរដែលចូលនិវត្តន៍ អ្នកមានលុយច្រើន ឬក៏មានទេសចរវិស្សមកាលផងដែរ ពួកគេគឺសុទ្ធតែជាក្រុមទេសចរគុណភាព ដែលកម្ពុជាត្រូវតែមានគោលនយោបាយទាក់ទាញពួកគេ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាតិ ពង្រីកឱកាសការងារនិងអាជីវកម្ម បង្កើនប្រាក់ចំណូល សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លើសពីនេះ លោករដ្ឋលេខាធិការប្រចាំការបានបន្តទៀតថា ទេសចរខ្លះ ពួកគេធ្លាប់រស់នៅក្នុងខុនដូដែរហើយ ដូច្នេះពួកគេក៏ចង់មានដីធ្លីដើម្បីសាងសង់ផ្ទះលម្ហែ រីស៊តលក្ខណៈគ្រួសារ មានទេសភាពព័ទ្ធជុំវិញ ប៉ុន្តែច្បាប់របស់កម្ពុជាមិនអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់ដីធ្លីនោះទេ មានសិទ្ធិត្រឹមតែទិញខុនដូ។ ត្រង់ចំណុចនេះ ការពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយស្ដីពីទេសចរពិសេស ក៏នឹងបើកកិច្ចពិភាក្សាទៅលើចំណុចដែលថា «តើគួរឱ្យភ្ញៀវទេសចរដែលជាវិនិយោគិន ឬធុរជនអាចទិញដីសម្រាប់សាងសង់ផ្ទះលម្ហែបានឬអត់?» ប្រសិនបើបាន «តើគួរកំណត់សុពលភាពប៉ុន្មានឆ្នាំ ឬកំណត់គោលដៅសម្រាប់ពួកគេនៅទីណាខ្លះ»។
លោកបានបន្ថែមថា អង្គសិក្ខាសាលានេះដែរក៏នឹងពិភាក្សាទៅលើការផ្ដល់ទិដ្ឋការដល់ភ្ញៀវទេសចរដែលជាវិនិយោគិន ឬធុរជន «ដើម្បីទាក់ទាញការមកវិនិយោគបន្ថែមនៅកម្ពុជា តើត្រូវបង្កើនសុពលភាពដល់៥ឆ្នាំ ឬ១០ឆ្នាំសម្រាប់ពួកគេ?»។
បើតាមលោក ទិត ចន្ថា ខណៈដែលប្រទេសមួយចំនួនកំពុងមានវិបត្តិសង្គ្រាម ការរឹតបន្តឹងពន្ធ និងលក្ខខណ្ឌមិនត្រូវចិត្តផងនោះ អ្នកវិនិយោគខ្លះក៏បានងាកមករកប្រទេសណាដែលមានសុខសន្តិភាព មានការអនុគ្រោះខ្លះចំពោះអ្នកវិនិយោគ ហើយមានគោលនយោបាយទេសចរពិសេសនេះជាដើម។ ចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការលើកទឹកចិត្តដល់អ្នកទេសចរ ការអនុគ្រោះនិងលើកទឹកចិត្តចំពោះអ្នកវិនិយោគ និងគោលនយោបាយផ្សេងទៀត បូករួមទាំងការគ្រប់ស្ថានភាពកូវីដ១៩បានល្អទៀតផងនោះ គឺកម្ពុជាមានរួចទៅហើយ។ ប្រសិនបើគោលនយោបាយស្ដីពីទេសចរពិសេសសម្រេចបានទៀត នោះក៏ជួយជំរុញដល់ការទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរគុណភាពថែមទៀតដែរ។
«ប៉ុន្តែទោះជាយ៉ាងណា រាល់ការគំនិតយោបល់ទាំងឡាយ គឺស្ថិតនៅក្នុងដំណាក់កាលពិភាក្សានៅឡើយទេ មុននឹងសម្រេចជាផ្លូវការក្នុងពេលឆាប់ខាងមុខ» នេះបើតាមការសង្កត់ធ្ងន់របស់លោក ទិត ចន្ថា។
លោករដ្ឋលេខាធិការប្រចាំការក៏បានលើកនូវគំនិតមួយថា «ប្រសិនបើភ្ញៀវទេសចរអាចសិទ្ធិទិញដីធ្វើផ្ទះលម្ហែបាន គួរតែអនុញ្ញាតតែនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗ ឬក៏នៅតាមគោលទេសចរណ៍ទេសចរណ៍ពិសិដ្ឋ ដូចជា សៀមរាប តំបន់ឆ្នេរ តំបន់ភាគឦសាន ដែលមិនមែនតំបន់ព្រំដែន»។
លោកបានបន្ថែមទៀតថា នៅពេលគោលនយោបាយស្ដីពីទេសចរពិសេសត្រូវបានអនុម័តហើយនោះ សមាគមក្នុងវិស័យទេសចរណ៍ទាំងឡាយនឹងមានឯកសារផ្លូវការមួយ ដើម្បីយកទៅផ្សព្វផ្សាយជូនភ្ញៀវទេសចរដែលចង់មានផ្ទះទី២ ផ្ទះលម្ហែលក្ខណៈគ្រួសារ ក៏ដូចជាអ្នកវិនិយោគ ធុរជនបរទេសដែលចង់មានក្រុមហ៊ុន អាជីវកម្មនៅកម្ពុជា ឬក៏អ្នកមានក្រុមហ៊ុន អាជីវកម្មនៅកម្ពុជាស្រាប់ ដែលចង់មានផ្ទះសម្រាកលម្ហែផ្ទាល់ខ្លួន៕