(ភ្នំពេញ)៖ ដើម្បីរក្សាតំណែងតាមរយៈការចង់ទទួលបានសន្លឹកឆ្នោតគាំទ្រ ក្នុងរូបភាពប្រជាភិថុត អ្នកនយោបាយបស្ចិមប្រទេសនិយាយរួម អ្នកនយោបាយនៅអាមេរិកដូចជាលោកស្រី Nancy Pelosi និយាយដោយឡែកដែលបានទៅបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់បានព្យាយាម កែប្រែស្ថានការណ៍តៃវ៉ាន់ពីពណ៌សទៅជាពណ៌ខ្មៅ ពីស្នាមញញឹមរបស់ប្រជាជនចិនដែលរស់នៅតៃវ៉ាន់ទៅជាភាពភ័យខ្លាច ពីស្ថានភាពអភិវឌ្ឍទៅជាស្ថានភាពអាក្រក់ និងមិននឹងនរនៃសេដ្ឋកិច្ចរបស់ខេត្តតៃវ៉ាន់ និងជាពិសេសពីសុខដុមនីយកម្មតំបន់ ទៅជាអស្ថិរភាពតំបន់ ស្របទៅនឹង ការបញ្ជាក់របស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនថា «នេះបានបង្ហាញម្តងទៀតថា អ្នកនយោបាយអាមេរិកមួយចំនួន បានក្លាយជាអ្នកបង្កបញ្ហានៅក្នុងទំនាក់ទំនងអាមេរិក-ចិន ហើយអាមេរិកក្លាយជាប្រទេសទីមួយ ដែលអ្នកអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
ពាក្យសម្តីផ្អែមល្អែមដែលអសច្ចភាពរបស់លោកស្រី Nancy Pelosi ដែលកំពុងថ្លែងនៅតៃវ៉ាន់នឹងក្លាយជាឈ្នួនបំផ្លាញសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅតៃវ៉ាន់ជាក់ជាមិនខាន ព្រោះពិភពលោកទាំងមូលបានដឹងច្បាស់ដោយគ្មានការប្រែប្រួលថា មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាខេត្តមួយរបស់ចិន។ គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានដែលត្រូវបានទទួលស្គាល់ ក្នុងទំនាក់ទំនងអន្តរជាតិ និងការឯកភាពទូទៅរបស់ពិភពលោក។ ការបង្រួបបង្រួមប្រជាជាតិចិននិងការស្តារឡើងវិញ ភាពអស្ចារ្យនៃប្រជាជាតិចិនជាស្មារតីរួមរបស់ប្រជាជាតិចិន ដែលមិនត្រឹមស្ថិតនៅក្នុងប្រទេសចិន ដែលរួមមានទាំងនៅក្នុងតៃវ៉ាន់ប៉ុណ្ណោះទេ ជនបរទេសដែលមានសែស្រឡាយចិន រស់នៅបរទេស ក៏បានរួមកម្លាំងជាមួយប្រជាជនចិននៅគ្រប់ទិសទីក្នុងពិភពលោកផងដែរ។
ជាការពិតដែលថាស្មារតីនេះនឹង មិនត្រូវបង្វែរដោយឆន្ទៈរបស់កម្លាំងអ្នកនយោបាយអាមេរិក ឬអ្នកនយោបាយដែលខ្វះការយល់ដឹងពី ស្ថានការណ៍នៃទំនាក់ទំនងអន្តរជាតិនោះទេ ហើយវាក៏មិនត្រូវបានបង្វែរ ដោយការគិតចង់បាន នៃកម្លាំងបំបែកខ្លួននៃក្រុមអ្នកនយោបាយនៅតៃវ៉ាន់ ដែលកំពុងវង្វេងប្រវត្តិសាស្រ្ត និងភ្លេចកំណើតដូនតារបស់ខ្លួនដែរ។ កម្លាំងមហាជននៅទូទាំងពិភពលោកបានយល់ស្របគ្នាថា មិនថា លោកស្រី Nancy Pelosi និងអ្នកនយោបាយបរទេស ដែលខ្វះវិចារណញាណយល់ដឹងពីប្រវត្តិសាស្រ្ត ពីការសន្យារបស់អាមេរិកចំពោះចិន ហើយបន្តគាំទ្រឱ្យតៃវ៉ាន់ផ្តាច់ចេញពីមាតុភូមិរបស់ខ្លួន ឬពួកអ្នកទាំងនោះព្យាយាមប្រើប្រាស់ គ្រប់វិធីដើម្បីទប់ស្កាត់ការបង្រួបបង្រួមចិន យ៉ាងណាក៏ដោយ មនុស្សជាតិទាំងមូលយល់ឃើញថា ពួកអ្នកទាំងនោះនឹងគ្មានឱកាស គ្មានមធ្យោបាយណាមួយអាចបញ្ឈប់ដំណើរការស្មារតី នៃប្រវត្តិសាស្ត្រក្នុងការបង្រួបបង្រួមចិនបានឡើយ។
ដើម្បីរក្សានិងការពារការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសន្តិភាពនៃទំនាក់ទំនងច្រកសមុទ្ររវាងទាំងសងខាងនេះ ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍទំនាក់ទំនងច្រកសមុទ្ររវាងទាំងសងខាង បានគូសបញ្ជាក់រួចមកហើយថា ប្រជាជនចិនគឺជាអ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត ពីភាពតានតឹងនិងជម្លោះនានានៅតាមច្រកសមុទ្រតៃវ៉ាន់ ហើយការអភិវឌ្ឍសន្តិភាព និងការស្វែងរកផលប្រយោជន៍រួមនឹងមិនត្រឹមតែ ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជាតិរួមលោហិត ចិននាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងដល់ជំនាន់ក្រោយៗ នៃប្រជាជាតិចិនទៀតផង។
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មកកាន់តៃវ៉ាន់នេះ ថ្នាក់ដឹកនាំ កងទ័ពរំដោះប្រជាជនចិន និងប្រជាជាតិចិនរស់នៅក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បាននិងកំពុងបង្ហាញភាពអត់ធ្មត់ ប្រកបដោយភាពខន្តីក្នុងកម្រិតខ្ពស់ ដើម្បីពន្យល់បន្ថែមដល់ពិភពលោក និងដល់អ្នកនយោបាយវង្វេងទិសនៅតៃវ៉ាន់ ឱ្យបានយល់ច្បាស់ថា បក្សកុម្មុយនិស្តចិនបានថែរក្សាយ៉ាងយកចិត្តទុកដាក់ដល់ផ្លែផ្កានៃការអភិវឌ្ឍសន្តិភាព រក្សាគន្លងនៃការអភិវឌ្ឍដោយសន្តិភាព សម្រាប់ប្រជាជាតិចិនទាំងអស់។
ទាំងនេះជាការយល់ច្បាស់ថា ការណ៍ដែលអាមេរិក និងអ្នកនយោបាយប្រជាភិថុតមួយចំនួន នៅតៃវ៉ាន់មិនព្រមទទួលស្គាល់កំហុស គឺច្បាស់ណាស់ថាពិតជាបង្កើនកំហុសបន្ថែមទៀត ដែលមនុស្សជាតិនៅលើពិភពលោកកំពុងស្អប់ខ្ពើមគំនិតរើសអើង ភាពឈឺចាប់ ភាពរងគ្រោះដែលជាផលនៃការបង្កសង្គ្រាម ដែលផ្តួចផ្តើមដោយអាមេរិក ហើយដែលនាពេលនេះ មានលោកស្រី Nancy Pelosi ជាឧទាហរណ៍បញ្ជាក់ស្រាប់។
ដើម្បីសម្រេចបាននូវសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ចិនបានរក្សានូវការអត់ធ្មត់កម្រិតខ្ពស់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសម្រាប់តំបន់និងពិភពលោក។ ជាការពិត ពេលនិយាយត្រូវគិតដល់សកម្មភាពដែលនឹងត្រូវបំពេញ ហើយពេលបំពេញសកម្មភាពត្រូវគិតដល់ពាក្យសម្តីដែលបាននិយាយ ហើយយើងនាំគ្នាពិនិត្យមើលសកម្មភាពជាក់ស្តែង ដែលបំពេញមុននឹងជឿជាក់លើពាក្យសម្តី ដែលបាននិយាយ នោះយើងនឹងដឹងបានថាតាមរយៈដំណើរទស្សនកិច្ច ប្រកបដោយចេតនាដ៏អាក្រក់ដោយលាក់លៀម ដាក់បញ្ចូលក្នុងរបៀបវារៈធ្វើដំណើររបស់លោកស្រី Nancy Pelosi នៅតៃវ៉ាន់នឹងក្លាយជាទឡ្ហីករណ៍ បញ្ជាក់បន្ថែមកាន់តែច្បាស់ដល់ អ្នកកត់ត្រាប្រវត្តិសាស្រ្តបញ្ចូលទិន្នន័យ បន្ថែមពីទង្វើបញ្ឆេះសង្គ្រាម សោកនាដកម្មដ៏ព្រៃផ្សៃរបស់អាមេរិក ក្រោមលេសការគាំទ្រប្រជាធិបតេយ្យ ដូចជាករណីអាហ្វហ្គានីស្ថាន លីប៊ី អ៊ីរ៉ាក់ជាសក្ខីកម្មស្រាប់។
ច្បាស់ណាស់ដែលថាភាពចម្រុងចម្រើនរបស់ប្រជាជាតិចិន នឹងនាំមកនូវសំណាងល្អដល់ជនរួមជាតិចិនទាំងអស់ រួមទាំងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈពេលដែលភាពទន់ខ្សោយ និងភាពចលាចល គឺនាំមកនូវគ្រោះមហន្តរាយចំពោះ ជនរួមជាតិចិនតែប៉ុណ្ណោះ។ ការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹង អនាគតនិងជោគ វាសនារបស់ជនរួមជាតិចិនទាំងអស់នៅគ្រប់ទីកន្លែង។ មនុស្សជាតិទូទាំងពិភពលោកកំពុងប្រកៀកស្មារជាមួយចិន ដែលដឹកនាំដោយបក្សកុម្មុយនិស្តចិនក្នុងការកសាង បាននូវសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ ហើយសង្ឃឹមថាអ្នកនយោបាយនៅតៃវ៉ាន់ ដែលកំពុងវង្វេងប្រវត្តិសាស្រ្តនឹងក្រឡេកមើល ប្រវត្តិសាស្រ្តកាលពី១២៧ឆ្នាំ មុននៅពេលដែលកោះតៃវ៉ាន់ បានធ្លាក់ចូលក្នុងដៃនៃកងកម្លាំងបរទេស ដែលធ្វើឲ្យប្រជាជាតិចិនទាំងមូល មានការឈឺចាប់យ៉ាងខ្លាំង។
ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលមិនត្រឹមតែទទួលបាននូវការគាំទ្រ ពីប្រជាជាតិចិនគ្រប់ទិសទីប៉ុណ្ណោះទេ មនុស្សជាតិស្ទើរពាសពេញពិភពលោកបានកំពុងសាទរនឹង ការវិលត្រឡប់របស់តៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីសម្រេចបានក្តីសុបិនដ៏អស្ចារ្យរបស់ចិន ដើម្បីចិនមានសមត្ថភាពទទួលបានភាពជោគជ័យបន្ថែមទៀត សម្រាប់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក និងការសម្រេចបានគោលដៅស្របតាមឆន្ទៈ នៃការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ហើយក៏ជាការចូលរួមផ្តល់ចម្លើយលើជម្រើសថា ប្រទេសណាដើម្បីអសន្តិសុខសកល ឬ ប្រទេសណាដើម្បីសុខដុមនីយកម្មរបស់មនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន