(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានគំរាមបាញ់នាវារបស់កូរ៉េខាងត្បូង បើសិនជាពួកគេមានឆ្លងកាត់ព្រំដែនមានជម្លោះនៅភាគខាងលិច ដែលការគំរាមបាញ់នេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាវាកូរ៉េខាងត្បូងបានបាញ់ព្រមាននាវាល្បាតរបស់កូរ៉េខាងជើង ដែលបានឆ្លងចូលព្រមដែនមានជម្លោះ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន AP នៅថ្ងៃទី២៨ ខែឧសភា។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយដោយសារព័ត៌មានជាតិកូរ៉េខាងជើង បានឲ្យដឹងថា មេបញ្ជាការកងទ័ពប្រជាជនកូរ៉េ បានបញ្ជាឲ្យកងទ័ពនៅតាមព្រំដែន ជាពិសេសគឺនៅតាមដែនសមុទ្របង្កើនការប្រុងប្រយ័ត្ន ហើយបើសិនជានាវារបស់កូរ៉េខាងត្បូងហ៊ានឆ្លងដែនចូលត្រឹមតែ «០.០០១មីលីម៉ែត្រ» ក៏មិនលើកលែងឲ្យដែរ។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់យោធាកូរ៉េខាងត្បូង បានថ្លែងថា នាវាកូរ៉េខាងត្បូង បានបាញ់ព្រមានដល់នាវាល្បាតកូរ៉េខាងជើង ដែលបានឆ្លងកាត់ព្រំដែនហាមឃាត់ និងជាទីមានជម្លោះ៕