(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៤៩,៧១៨,០៤៨,៧០០រៀល និង៣,៩០៥,២៩៦ដុល្លារអាមេរិក ដោយរួមទាំងថវិកាបរិច្ចាគចំនួន ៩៦០,៥២៩ ដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះដែរ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ៣,០៥៣,០៩២ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
ដោយឡែកសម្រាប់ខែមិថុនានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៦,៩៧៤,៦២៤,២០០រៀល និង១,៣៤៧,៦៨៥ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ២៨ ៧៨០ រូប ដែលរួមមាន សមាជិកកិត្តិយស៣ រូប, សមាជិកគាំទ្រ ២៥ ៩៥៣ រូប និងសប្បុរសជនផ្សេងៗ ២ ៨២៤ រូប, ពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ព្រមទាំងថវិកាបរិច្ចាគតាមហិបគោលដៅមួយចំនួនផងដែរ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូដែលរួមមាន ធនាគារ ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, ARDB, Cambodian Public និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕