(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យការអប់រំឱ្យក្លាយជាឆ្អឹងខ្នងនាពេលអនាគត់បាន ចាំបាច់ត្រូវ មានការរៀបចំជាគោលនយោបាយ និងផែនការឱ្យបាន ច្បាស់លាស់ ហើយត្រូវឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដែលក្នុងនោះក្រសួងផែនការដើរតួនាទីសំខាន់ជាងគេ ក្នុងការរៀបចំនូវគោលនយោបាយនេះ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គមជាតិ» ដែលបានរៀបចំនៅសាលមហោស្រពខេមរវិទូ នៃអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីលោកបណ្ឌិត ឡាយ សុវិជ្ជា ប្រធានការិយាល័យស្រាវជ្រាវ និងវិភាគគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី យឹម ពេជម៉ាលីកា អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ប៉ូច សុវណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋាន ផែនការ នៃក្រសួងផែនការ, លោក ដាវ អានសាន សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ជុំ ចាន់រ៉ា មន្ត្រីជំនាញអប់រំនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា។
លោកបណ្ឌិត សុខ ទូច បានថ្លែងដូចនេះថា «ក្រសួងផែនការមានសិទ្ធធ្វើប្លង់មេ ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធមកអង្គុយជុំគ្នា ដើម្បីធ្វើជាគោលនយោបាយ [..] រៀបចំផែនការ ផែនការគឺដើរតួនាទីសំខាន់ ហើយជាលក្ខណៈពិសេសសម្រាប់ឱ្យស្ថាប័នទាំងអស់ មកធ្វើជាគោលនយោបាយរបស់ខ្លួន ចឹងការរៀបចំជាគោលនយោបាយ ធ្វើជាឆ្អឹងខ្នងនៃ ចំណេះដឹងនេះ គឺក្រសួងផែនការ ហើយការធ្វើបាន វាអាស្រ័យទៅលើស្ថាប័នពាក់ព័ន្ធទាំងអស់មកអង្គុយជុំគ្នា ហើយធ្វើគោលនយោបាយ ក្នុងការរៀបចំកិច្ចការនេះ»។
លោក សុខ ទូច បានបន្ថែមថា បន្ទាប់ពីការរៀបចំគោលនយោបាយឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងហើយ អ្វីដែលដើរតួនាទីសំខាន់ដើម្បីឱ្យការអប់រំឱ្យក្លាយជាឆ្អឹងខ្នង សង្គមនាពេលអនាគត់ គឺធនធានមនុស្ស ប៉ុន្តែធនធានផលិតនោះក៏ត្រូវឱ្យឆ្លើយតម្រូវការក្នុងស្រុក ឫតម្រូវការទីផ្សារពិភពលោក ដែលយើងអាចដឹងហើយថា មានធនធានមនុស្សប៉ុន្មានភាគរយត្រូវចេញទៅបរទេស ប៉ុន្មានភាគរយដែលត្រូវធ្វើការនៅក្នុងស្រុក និងប៉ុន្មានភាគរយត្រូវលក់ជំនាញ ប៉ុន្មានភាគរយត្រូវនឹងទីផ្សារ ដែលការទាំងនេះគឺក្រសួងផែនការជាអ្នកធ្វើ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា «ដើម្បីឱ្យការអប់រំឱ្យក្លាយជាឆ្អឹងខ្នងនាពេលអនាគត់ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការគ្នា កុំធ្វើស្តេចត្រាញ់ តាមក្រសួងរៀងៗខ្លួន ប៉ះមិនបាន បើប៉ះមិនបាន គឺមិនអាចកែសង្គមនេះបាននោះទេ មិនបានដាច់ខាត»។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា អ្នកដែលដើរតួនាទីផ្តល់ចំណេះដឹងមុនគេបំផុត គឺសង្គមគ្រួសារ ដូចនេះហើយបើសិនស្ត្រី បានមករៀនកាន់តែច្រើនធ្វើឱ្យសង្គមកាន់ តែរីកចំរើនកាន់តែខ្លាំង តាមរយៈការជួយបង្រៀនដល់កូនៗ ឱ្យមានចំណេះដឹងខ្ពស់ មានបំណិនជីវិតសម្រាប់កូន ហើយចំពោះអ្នកដែលវិនិយោគទី២ លើចំណោះដឹង គឺស្ថាប័នរដ្ឋ៕