(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច បានសេចក្តីថ្លែងការណ៍ សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីដែលពាក់ព័ន្ធគោរពនូវកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរ បានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម រវាងប្រទេសចិន និងសហរដ្ឋអាមេរិក នាពេលកន្លងមក។
តាមរយៈសេចក្តីថ្លែងការណ៍ផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ «គណបក្សហ៊្វុនស៊ិនប៉ិច តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយដោយឥតងាករេ ហើយគោរពសិទ្ធិអធិបតេយុ្យភាពជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន ដោយចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងរបស់ចិន»។
គណបក្សហ៊្វុនស៊ិនប៉ិច អំពាវនាវឱ្យភាគីពាក់ព័ន្ធស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី រក្សាស្ថានភាពដើមជៀសវាងបង្កហេតុ ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក៕