(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាចំនួន១៨ ដើម្បីជំរុញឱ្យការធ្វើការងារកាន់តែមានប្រសិទ្ធភាព ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងអាចរកចំណូលផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ប្រព័ន្ធបច្ចេកវិទ្យាចំនួន១៨ ក្នុងនោះប្រព័ន្ធចំនួន៨ ត្រូវបានដាក់ឱ្យដំណើរការ ប្រព័ន្ធចំនួន២បានរៀបចំរួចរាល់ ត្រៀមដាក់ឱ្យដំណើរការនាពេលខាងមុខ និងចំនួន ៨ប្រព័ន្ធទៀតកំពុងស្ថិតក្នុងការរៀបចំ។
ប្រព័ន្ធដែលបានរៀបចំ និងបានដាក់ឱ្យប្រើប្រាស់ រួមមាន ១.ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ២. ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ៣.ប្រព័ន្ធគ្រប់គ្រងព័ត៌មានផ្ទៃក្នុងក្រសួង ៤.ប្រព័ន្ធចុះបញ្ជីសេវាសាធារណៈឌីជីថល សម្រាប់វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ៥.ប្រព័ន្ធគ្រប់គ្រងឯកសារ និងការសម្រេចផ្ទៃក្នុង តាមប្រព័ន្ធអេឡិចត្រូនិក ៦.កែលម្អប្រព័ន្ធគ្រប់គ្រងអ៊ីម៉ែល ៧.កែលម្អថ្នាលគ្រប់គ្រងមាតិកា គេហទំព័រសម្រាប់ស្ថាប័នរដ្ឋ ៨. ប្រព័ន្ធគ្រប់គ្រងព័ត៌មានជំនាញ និងវគ្គបណ្តុះបណ្តាលរបស់មន្រ្តី។
ចំណែកប្រព័ន្ធចំនួន២ ដែលបានរៀបចំ ប៉ុន្តែមិនទាន់បានដាក់ឱ្យប្រើប្រាស់ រួមមាន ប្រព័ន្ធចុះឈ្មោះដែនជាតិ .kh និងប្រព័ន្ធគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់ទូរសព្ទដៃ។
ដោយឡែកប្រព័ន្ធដែលក្រសួងកំពុងរៀបចំ រួមមាន ១.ប្រព័ន្ធគ្រប់គ្រងចំណូលរបស់ក្រសួង ២.ពង្រីកថ្នាលម៉ាស៊ីនមេ និង ធ្វើឱ្យប្រសើរនូវមជ្ឈមណ្ឌលទិន្នន័យ ៣.ថ្នាលរួមសម្រាប់កម្មវិធី ឌីជីថលផ្សេងៗរបស់ក្រសួង ៤.ថ្នាលវាស់ស្តង់មតិលើសេវាសាធារណៈ ៥. ប្រព័ន្ធគ្រប់គ្រងលេខកូដ ប្រៃសណីយ៍ជាតិ ៦.កែលម្អការវាយអត្ថបទឆ្លាតវៃជាភាសាខ្មែរ ក្នុងកម្មវិធីរដ្ឋបាលរបស់ម៉ៃក្រូសូហ្វ ៧. កម្មវិធីរៀបចំពុម្ពអក្សរខ្មែរ និងកំណែពាក្យខុសក្នុងកម្មវិធីរដ្ឋបាលរបស់ម៉ៃក្រូសូហ្វ និងប្រព័ន្ធមនុស្សយន្តបដិសណ្ឋារកិច្ចជាភាសាខ្មែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះប្រសិនបើប្រព័ន្ធទាំង១៨នេះរៀបចំរួចហើយ ក្រសួងប្រៃសនីយ និងទូរគនាគមន៍ នឹងក្លាយជាក្រសួងប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងកិច្ចការរបស់ខ្លួន ដែលជាការងារមួយធ្វើឱ្យក្រសួងមានលទ្ធភាព ក្នុងធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ លឿន សន្សំសំចៃថវិកា ចំណាយជាប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ»។
លោកបានឱ្យដឹងផងដែរថា ក្នុងចំណោមប្រព័ន្ធបច្ចេកទាំង១៨ មានប្រព័ន្ធខ្លះនឹងអាចរកចំណូលឱ្យក្រសួងបានផងដែរ។ តួយ៉ាងដូចជា ប្រព័ន្ធចុះឈ្មោះដែនជាតិ .kh ប្រសិនបើក្រសួងដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងអាចរកចំណូលបានបន្ថែមប្រមាណ ១០លានដុល្លារចូលថវិកាជាតិ។
លោក ជា វ៉ាន់ដេត បានឱ្យដឹងដែរថា ក្នុងប្រើប្រាស់ទិន្នន័យពីមជ្ឈមណ្ឌលទូរគមនាគមន៍ (DMC) សម្រាប់ការបែងចែកចំណូល បានធ្វើឱ្យចំណូលរបស់ក្រសួងកើនឡើង៣ដង ក្នុងរយៈពេល២ឆ្នាំមកនេះ ពោលគឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ព្រោះក្រសួងមានទិន្នន័យគ្រប់គ្រាន់ សម្រាប់ទារបំណុលពីប្រតិបត្តិករទាំងអស់៕