(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យជាក់ស្ដែងនៅស្ថានភាពដីតំបន់៣ ក្នុងតំបន់បែកចាន តំបន់ពាក់ថែប និងតំបន់ភ្នំជីមូស ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីប្រជាពលរដ្ឋមានសិទ្ធគ្រប់គ្រាន់ក្នុងការអាស្រ័យផលស្រូវជាធម្មតា និងចេញប័ណ្ណកម្មសិទ្ធ (ប្លង់ដី) ឲ្យទៅកាន់ពលរដ្ឋផងដែរ។
នាឱកាសនោះលោក ងួន រតនៈ បានអរគុណប្រជាពលរដ្ឋដែលបានចូលរួមជាមួយអាជ្ញាធរ ជាពិសេសជាមួយរាជរដ្ឋាភិបាល ដោយបានដកហូតដីនៅតំបន់៣ ហើយក៏បានហាមមិនឲ្យអាស្រ័យផលជាដាច់ខាត់ កាលពីកន្លងមក តែពេនេះសម្តេចតេជោ បានឲ្យក្រុមការងារចម្រុះថ្នាក់ជាតិថ្នាក់ខេត្ត បានសិក្សាលម្អិត ក្នុងការកាត់ឆ្វៀលដីពីតំបន់៣ មកតំបន់២វិញ ដើម្បីប្រជាពលរដ្ឋមានសិទ្ធគ្រប់គ្រាន់ក្នុងការអាស្រ័យផលស្រូវជាធម្មតា និងចេញប័ណ្ណកម្មសិទ្ធ (ប្លង់ដី) ឲ្យទៅកាន់ពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋថា ក្រោយសម្តេចតេជោ ហ៊ុន សែន សម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផល ជាក់ស្តែងចាប់ពី ១០ឆ្នាំឡើងទៅពិសេសដីដីដែលធ្លាប់អាស្រ័យផលក្នុងឆ្នាំ២០១៤ ដើម្បីស្នើសុំគោលការណ៍ពី ប្រមុខរាជរដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់៣នេះជូនបងប្អូនទៅតាមអ្វីដែលក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ដោយផ្អែកលើផែនទី អាកាសដែលជាផែនទីគោលសម្រាប់មកផ្ទៀងផ្ទាត់បន្ថែមទៀតដើម្បីកាត់ឆ្វៀលបានត្រឹមត្រូវ។
ជាងនេះទៅទៀត លោកបានបន្ដថា ការធ្វើបែបនេះ ក្នុងគោលបំណងរួមគ្នាអភិរក្សនិងអភិវឌ្ឍន៍បឹងទន្លេសាបឲ្យធនធាន ជលផល និងជនធានធម្មជាតិមានភាព ល្អប្រសើរឡើងវិញ។ លោកបានជំរុញទៅដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងរដូវលែងកូនត្រីត្រូវធ្វើយ៉ាងណា គិតគូរពីការលែងទៅដល់បឹងបួរដែលនៅក្នុងតំបន់២ តំបន់៣ ដើម្បីឱ្យមានការរក្សាក៏ដូចជា ការរស់នៅបែបធម្មជាតិឡើងវិញ។
បន្ថែមពីទៀត លោកបានបញ្ជាក់ថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ និងអនុក្រឹត្យលេខ១០៥ អនក្រ.ប្រកចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ របស់ រាជរដ្ឋភិបាលកម្ពុជា ស្តីពីកែសម្រួលផ្ទៃដីទំហំ ៦,៣៨៥ ហិចតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នឹងប្រគល់ជូនប្រជាពលរដ្ឋ និងអាស្រ័យផល៕