(ពោធិ៍សាត់-បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី មានក្មេងចាស់ចំនួន៧នាក់បាន ស្លាប់យ៉ាងអណោចអាធ័ម ដោយគ្រោះថ្នាក់ចរាចរណ៍ នាយប់មិញនេះ នៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។
សម្រាប់ខេត្តពោធិ៍សាត់ ករណីទី១បានកើតឡើង នៅម៉ោង៨៖៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ តាមផ្លូវកៅស៊ូ ខាងជើងស្ពានប្រឡាយ ឃុំរំលេច ស្រុកបាកាន ដោយសារម៉ូតូបើកបុកត្រាក់ទ័រពីក្រោយ បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅកន្លែង និងម្នាក់ទៀតបានស្លាប់ ពេលបញ្ជួនទៅដល់មន្ទីរពេទ្យ ។
សម្រាប់ខេត្តបន្ទាយមានជ័យ ករណីទី២បានកើតឡើងនាម៉ោង ១០៖០០នាទីយប់ថ្ងៃ២៧ ខែឧសភា ឆ្នាំ២០១៦នេះ នៅឃុំគោក ស្រុកអូរជ្រៅ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបានបើកបុកម៉ូតូ មួយគ្រឿង ដែលជិះមួយគ្រួសារបណ្តាលឲ្យ ស្លាប់ទាំងអស់ បន្ទាប់ពីបុកហើយរថយន្ត បានបន្ថែមល្បឿន បើកគេចទៅបាត់ដោយបន្សល់ទុកតែអ្នកស្លាប់ នៅកន្លែងកើតហេតុ តែប៉ុណ្ណោះ ។
ជាចុងក្រោយ សពមួយគ្រួសារដែលស្លាប់ ត្រូវបានយកទៅតំកល់ទុកនៅវត្តនិមិត្ត ដែលមកទល់ពេលនេះពុំទាន់រកគ្រួសារឃើញ នៅឡើយទេ៕