(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងរៀបចំសាងសង់បង្គោលអង់តែនចំនួន១០០អង់តែន ដែលគ្រោងចំណាយថវិកាជាង១០លានដុល្លារ ដើម្បីផ្ដល់នូវសេវាទូរសព្ទ នៅទីកន្លែងទេសចរណ៍, វប្បធម៌ ឬក៏កន្លែងអភិរក្សមួយចំនួន រួមទាំងផ្តល់នូវ Public wifi នៅក្នុងតំបន់អង្គរផងដែរ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តជំរុញ ឲ្យតំបន់ជនបទដាច់ស្រយាលឲ្យមានសេវា តាមរយៈការសាងសង់បង្គោលអង់តែន ជាបន្តបន្ទាប់ទៅទៀត ជាពិសេសគឺនៅតំបន់អង្គរ យើងនឹងរៀបចំសាងសង់ បង្គោលអង់តែន និង Public WiFi ឲ្យមានសម្រាប់អ្នកទេសចរចូលមក គឺមានសេវាទូរសព្ទទាំងអស់ នៅក្នុងតំបន់អង្គរ»

លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ក្រោយពីមានប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះបង្គោលអង់តែន គឺក្រសួងបានជួបប្រជុំជាមួយនឹងក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងក្រសួងបរិស្ថាន ដើម្បីរៀបចំចុះទៅមើលទីតាំង។

បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារ នឹងរៀបចំចុះទៅមើល ខណៈក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន មានការដ្ឋាន និងទីតាំងជាង១០០ ដែលអាចនឹងចុះទៅសប្ដាហ៍ក្រោយនេះ។

បើតាមរដ្ឋមន្ដ្រី ជា វ៉ាន់ដេត ក្រុមការងារចុះទៅ ដោយសហការជាមួយនឹងក្រុមការងារ៥តំបន់ ដើម្បីទៅរកទីកន្លែងទេសចរណ៍ ឬក៏វប្បធម៌ ឬក៏កន្លែងអភិរក្សមួយចំនួន ដែលស្នើដល់ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ ខណៈដែលក្រុមការងារ ក៏បានកំណត់អស់ហើយផងដែរ។

លោក ជា វ៉ាន់ដេត បានឲ្យដឹងផងដែរថា ក្រសួងនឹងទៅដាំបង្គោលអង់តែន តាមប្រសាសន៍ណែនាំរបស់សម្តេច ហើយនឹងធ្វើឲ្យបានលឿន ទៅតាមលទ្ធភាពរបស់ក្រសួង ខណៈការចំណាយក្រសួងនឹងចំណាយថវិកាប្រហែលជាអស់ជាង១០លានដុល្លារ ក្នុងការសាងសង់បង្គោលអង់តែនចំនួន១០០។

លើសពីនោះទៀត លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ក្រសួងនឹងជជែកគ្នាជាមួយប្រតិបត្តិករដើម្បីថា ឲ្យគាត់យកឧបករណ៍របស់គាត់ យកទៅដាក់តាមបង្គោលអង់តែន ដែលក្រសួងបានសាងសងផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានស្ថានីយ៍អង់តែនទូរសព្ទចល័ត កំពុងប្រើប្រាស់ទូទាំងប្រទេស ១១,៤៨៩ និងអ្នកប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត៖ សេវាទូរសព្ទចល័ត ១៩,៣៤៧,៨៩២ និងសេវាអ៊ីនធឺណិតចល័ត ១៧,៤៨៧,៩២២, សេវាទូរសព្ទអចល័ត ៣៩,៩៥២ និងសេវាអ៊ីនធឺណិតអចល័ត ៣១២,២៣៣៕

</p</p