(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីបែបបទនិងនីតិវិធីស្នើសុំមុខទំនិញនាំចូល (CDC) ដោយពន្ឋនាំចូលជាបន្ទុករបស់រដ្ឋ និងវិញ្ញាបនបត្របញ្ជាក់ពីការបំពេញបាននូវកាតព្វកិច្ចចំពោះរដ្ឋ (COC)
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំ FACTORY PHNOM PENH ដោយត្រូវបានធ្វើបទបង្ហាញដោយ លោក យុន ហេង ប្រធាននាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្តនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សិក្ខាសាលានេះដែរ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋវីដេអូហ្សូម (Zoom) ដោយសមាជិក សមាជិកា អ្នកវិនិយោគ និងអ្នកទទួលបន្ទុកការងារនាំចូល-នាំចេញប្រចាំរោងចក្រ សហគ្រាស ដើម្បីបានយល់ដឹងលម្អិតពីរចនាសម្ព័ន្ឋ បែបបទ នីតិវិធី និងលក្ខខណ្ឌមួយចំនួន ក្នុងការទទួលបានការអនុគ្រោះពន្ឋ មានដូចជា ពន្ឋគយនាំចូល ពន្ឋពិសេស និងពន្ឋអាករលើតម្លៃបន្ថែម បន្ទាប់ពីទទួលបានការអនុម័តលើបញ្ជីមេ (Master List) ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕