(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានអ្នកប្រើទូរស័ព្ទចល័តជាង ១៩លានស៊ីម ដែលគិតជាចំនួនមនុស្សប្រហែល១៣លាននាក់, អ្នកប្រើអ៉ីនធឺណិតចល័តជាង ១៧លានស៊ីម, អ៉ីនធឺណិតអចល័តជាង៣១ម៉ឺន, អ្នកប្រើ Facebook ១៣.២លាននាក់, ប្រព័ន្ធMessinger ជាង១១លាននាក់ និងបណ្តាញអ៊ីនស្តាក្រាមជាង២លាននាក់ ខណៈកំណើននៃការប្រើសេវាទូរស័ព្ទ និងអ៊ីនធឺណិត បានចាប់ផ្តើមកើនឡើងខ្លាំង ក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នកប្រើប្រាស់ទូរស័ព្ទចល័តជាង១៩លាន៥០ម៉ឺនស៊ីមនេះ មានអ្នកចំនួនប្រើប្រាស់ប្រមាណជាង១៣លាននាក់។ ទន្ទឹមគ្នានេះដែរ ការប្រើប្រាស់សេវាទូរសព្ទអចល័តជិត៤ម៉ឺន និងសេវាអ៊ីនធឺណិតអចល័តជាង៣១ម៉ឺន ។ ហើយក្រសួងក៏កំពុងចាត់វិធានការយ៉ាងម៉ឺនម៉ាត់ ចំពោះប្រតិបត្តិករដែលលក់ និងចែកចាយស៊ីមកាត ដោយមិនយកឯកសារសម្គាល់អត្តសញ្ញា របស់អ្នកប្រើប្រាស់ស៊ីមកាតផងដែរ។
លោកបានឱ្យដឹងផងដែរថា ក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩ តាំងពីឆ្នាំ២០២០មក ការប្រើប្រាស់សេវាទូរសព្ទ និងសេវាអ៊ីធឺណិត បានកើនឡើងប្រមាណ៥០% ដែលជំរុញឱ្យក្រសួងត្រូវគិតគូរ វិនិយោគទៅបណ្តាញតភ្ជាប់។
បើតាមការលើកឡើងរបស់លោក ជា វ៉ាន់ដេត ប្រតិបត្តិករកំពុងប្រតិបត្តិការ ក្នុងវិស័យទូរគមនាគមន៍មានចំនួន៦៩ ក្នុងនោះប្រតិបត្តិករទូរសព្ទចល័តមានចំនួន៥ រួមមាន ស្មាត សែលកាត មិត្តហ្វូន និងក្រុមហ៊ុនតូចៗចំនួន២ទៀត។ ចំនែក ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ដល់ប្រជាពលរដ្ឋមានចំនួន៣៨ , ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធ ខ្សែកាបអុបទិកលើគោក និងខ្សែកាបអុបទិកក្រោមបាតសមុទ្រចំនួន៥, ចំនួនស្ថានីយ៍អង់តែនទូរសព្ទចល័ត កំពុងប្រើប្រាស់ទូទាំងប្រទេសមានចំនួ ១១ ៤៨៩, បណ្តាញខ្សែកាបអុបទិកឆ្អឹងខ្នង មានចំនួនជិត២ម៉ឺនគីឡូម៉ែត្រ, បណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រមានប្រវែង ក្នុងដែនសមុទ្រកម្ពុជា៦៤០គីឡូម៉ែត្រ។
ជាមួយគ្នានេះ ក្រសួងកំពុងមានគម្រោងតបណ្តាញបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពីហុងកុង មកព្រះសីហនុប្រវែង២ ៧១៥គីឡូម៉ែត្រ ដែលគម្រោងនឹងចាប់ផ្តើមនៅខែតុលាឆ្នាំនេះ និងអាចបញ្ចប់នៅក្នុងឆ្នាំ២០២៤។
លោកបញ្ជាក់ថា ក្រោយបញ្ចប់ការតភ្ជាប់បណ្តាញនេះនៅឆ្នាំ២០២៤ សមត្ថភាពអ៊ីនធើណេតនៅកម្ពុជា នឹងកាន់តែទូលំទូលាយជាងមុន ដែលលែងព្រួយបារម្ភពីអ៊ីនធឺណិតខ្សោយ ព្រមទាំងទទួលបាននូវសេវាអ៊ីនធឺណិត ដែលមានតម្លៃទាបជាងបច្ចុប្បន្ននេះ។
ស្របពេលដែលកំណើន នៃប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិតកើនឡើងនេះ ក្រសួងកំពុងរកដំណោះស្រាយ ដើម្បីឱ្យការប្រើប្រាស់សេវាទូរស័ព្ទ និងសេវាអ៊ីនធឺណេត ឱ្យកាន់តែដំណើរការល្អ និងលឿនជាងមុន តាមរយៈការជំរុញឱ្យប្រតិបត្តិករ ការសាងសង់ស្ថានីយ ឬបង្គោលអង់តែនបន្ថែម និងបច្ចេកវិទ្យានៃការសាងសង់បង្គោលអង់តែន ជាពិសេនៅតំបន់ដែលគ្មានសេវាគ្រប់ដណ្តប់ និងក្នុងបុរីទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ខណៈក្រសួងគ្រោងសាងសង់ស្ថានីយអង់តែន១០០បន្ថែម នៅតាមតំបន់ទេសចរណ៍អទិភាព និងដាច់ស្រយាល។
បន្ថែមពីនេះក្រសួងបានបង្កើតក្រុមការចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរី ក្នុងរាជធានីភ្នំពេញ និងស្នើសុំកិច្ចសហការពីម្ចាស់បុរី ក្នុងការជំរុញគុណភាពសេវាទូរគមនាគមន៍, ចុះធ្វើការវាស់ស្ទង់សេវាក្នុងរាជធានីភ្នំពេញ, បានបញ្ជាទិញឧបករណ៍វាស់ស្ទង់ សេវាទូរគមនាគមន៍ដែលបំពាក់លើរថយន្ត (Drive Test) ចំនួន៥គ្រឿង ដើម្បីធ្វើការវាស់ស្ទង់វិសាលភាពគ្របដណ្តប់ និងគុណភាពសេវា និងបានដាក់ដំណើរការកម្មវិធីទូរសព្ទ MPTC Speet Test សម្រាប់ប្រជាជនគ្រប់រូបអាចវាស់ល្បឿន សេវាអ៊ីនធឺណិតដោយខ្លួនឯង ៕