(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងលោកស្រី បានរៀបចំកម្មវិធីអាហារសាមគ្គី ដោយថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចំណាយកម្លាំងកាយ ចិត្តចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋខ្មែរ រាប់សិបនាក់។

លោក ស សុខា បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ កើតជារូបរាង និងដំណើរការណ៍ទៅបាន ក៏ដោយសារតែ កើតចេញពីមនសិការ​ របស់លោកគ្រូអ្នកគ្រូទាំងអស់គ្នា។ ក្នុងរូបភាពណាក៏ដោយ និន្នាការណាក៏ដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (ស សុខា) នឹងធ្វើប្រតិបត្តិការដើម្បីសង្គ្រោះជីវិតប្រជាជន ពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ គ្រាន់តែធ្វើតាមលទ្ធភាពកំណត់តាមដំណាក់កាល។

លោកបានបញ្ជាក់ថា «ការជួបជុំអាហារសាមគ្គីយប់នេះ ពុំមែនជាលើកចុងក្រោយនោះទេ ក្នុងការពង្រីកពង្រឹងរិតចំណងសាមគ្គីសមាជិកក្នុងក្រុម និងក្រុមការងារផ្សេងៗ។ រូបភាពណាក៏ដោយ ខ្ញុំគិតថា ពុំអាចនឹងថ្លែងអំណរគុណដល់សមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានអស់ទេ ព្រោះលោកគ្រូអ្នកគ្រូមានគុណបំណាច់ធំធេងណាស់ ជាអ្នកសង្គ្រោះជីវិតមនុស្សឲ្យគេចផុតពីសេចក្ដីស្លាប់ ពោលគឺ អាចនិយាយបានថា គ្រូពេទ្យគឺស្មើនឹងម្ដាយ បង្កើតជីវិតកូនដែរ»

លោក ស សុខា បានបន្តទៀតថា «សូមស្មារតីនៃការរួមគ្នាជាធ្លុងមួយក្នុងក្រុម បន្តជានិរន្តរន៍ ដើម្បីបំពេញបេសកម្មមនុស្សធម៌​ ក្នុងវិស័យសុខុមាលភាពជូនប្រជាជនកម្ពុជាយើងបន្តទៀត។ សម្រាប់ខ្ញុំ ភរិយាខ្ញុំ និងក្រុមការងារ មិនរាថយ ឫមិននឿយណាយក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដោយមិនបាននឹកគិតអំពីបក្សនយោបាយ ឫពូជសាសន៍អីនោះឡើយ»

ជាចុងក្រោយតំណាងរាស្រ្តវ័យក្មេងរូបនេះ បានផ្តាំផ្ញើចំណុចមួយចំនួនរួមមាន៖

ទី១ សូមប្អូនៗនិងបងៗ ពេទ្យទាំងអស់បានរៀបចំជីវិត និងទស្សនវិស័យ របស់ខ្លនបានល្អណាស់
ទី២ ចំណេះវិជ្ជាពេទ្យនេះ យកមកបម្រើជូនប្រជាពលរដ្ឆយើង មិនថា អ្នកតូចឫអ្នកធំ មានក្រត្រូវការពេទ្យជានិច្ច
ទី៣ ការសិក្សាមកពីក្រៅប្រទេសត្រូវយកអនុវត្តផ្ទាល់ និងយកចិត្តទុកដាក់ខ្ពស់
ទី៤កុំយកអ្នកជំងឺជាការពិសោធន៍របស់យើង៕