(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា ទទួលស្គាល់ថា ការចុះឈ្មោះចូលរៀនផ្នែកជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅតែមានកម្រិតទាប និងមិនទាន់ឆ្លើយតបនៅឡើយ សម្រាប់ផ្គត់ផ្គងកម្លាំងពលកម្មជំនាញដែលជាតម្រូវការទីផ្សារ ខណៈដែលសិស្ស និស្សិត ទទួលការសិក្សាទាំងរយៈពេលវែង និងខ្លី សរុបចំនួនប្រមាណ ជាង៥ម៉ឺននាក់ប៉ុណ្ណោះ។
លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយអង្គសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពីលទ្ធផលនៃការអង្កេតវាស់វែងជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីកម្រិត១ ដល់កម្រិត៤ នៃក្របខ័ណ្ឌគុណវុឌ្ឍុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី៤ សីហា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា បញ្ហាប្រឈមនេះ មិនមែនមានតែនៅកម្ពុជាទេ ពោលគឺគ្រប់ប្រទេសទាំងអស់ អ្នកដែលចុះឈ្មោះចូលរៀននៅប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស គឺមានអត្រាទាប និងគ្រប់កន្លែងទាំងអស់ ដោយមានតែប្រទេសជឿនលឿនមួយចំនួនទេ ដោយតាមរយៈនយោបាយ និងការវិនិយោគផងទេ ដែលធ្វើឲ្យការចូលរៀនមានកំណើនកើនឡើង ពីព្រោះថា តាំងពីដើមមកយុទ្ធសាស្រ្តរបស់សង្គមគេតែងតែគិតថា ការងារធ្វើដោយដៃ ដូចជាជាងសំណង់ និងជួសជុលរថយន្តជាដើម គេមិនសូវជាលើកតម្លៃច្រើនទេ។
លោកបណ្ឌិត បានបន្ថែមថា ការទទួលបានការអប់រំតិចតួចក្នុងចំណោមយុវជនដែលកំពុងធ្វើការងារ កំពុងជួបប្រទះការប្រឈមទាក់ទងនឹងការវិវត្តពីការអប់រំកម្រិតបឋមទៅកាន់មធ្យមសិក្សាដែលមានគុណភាពទាប បង្កឱ្យមានភាពមិនស៊ីគ្នាខ្លាំងនៃជំនាញទាំងប្រភេទ និងកម្រិតនៃជំនាញកម្លាំងពលកម្មដែលពួកគាត់មាន និងជំនាញដែលនិយោជកចង់បាន។
ទាក់ទិននិងអង្គសិក្ខាសាលាថ្ងៃនេះ លោក ថង សាម៉ុន ទីប្រឹក្សាអមក្រសួង និងជាអគ្គនាយករង អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាប្រធានសម្របសម្រួលគម្រោង ធីវ៉េត អេសឌីភី (TVETSDP) បានបញ្ជាក់ថា ការរៀបចំសិក្សា ស្រាវជ្រាវ និងអង្កេតវាស់វែងជំនាញ ផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៤ រួមមាន៖ មេកានិករថយន្ត, សំណង់, អគ្គិសនី, និងវិស័យកម្មន្តសាល ដើម្បីផលិតកម្លាំងពលកម្មជំនាញឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
សូមជម្រាបជូនថា តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទទួលការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងអង្គភាពសម្របសម្រួលគម្រោង ក្នុងគោលបំណងដើម្បីសិក្សាឱ្យដឹងច្បាស់ពីស្ថានភាពការងារ រួមទាំងផលិតភាពការងាររបស់សិស្សដែលបានបញ្ចប់ការសិក្សា និងប្រតិសកម្ម (Feedback) ពីនិយោជក ដើម្បីជាមូលដ្ឋានយកទៅរៀបចំផែនការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ទាំងក្នុងស្រុក និងក្នុងតំបន់។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឋន៍អាសុី (ADB), លោកស្រី Sandrine boucher ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្នាក់ដឹកនាំក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យ ឯកជន ដៃគូ អភិវឌ្ឍន៍ និង ជំនាញការជាតិ និងអន្តរជាតិប្រមាណ ១០០នាក់៕